កុំឱ្យការចោទប្រកាន់បង្វែរយើងចេញពីសំណួរស្នូល

ចែករំលែក៖

ក្រោយស្តាប់សេចក្តីថ្លែងការណ៍បើករបស់ភាគីកម្ពុជា និងថៃ នៅចំពោះមុខគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) សាធារណជនគួរយល់ឱ្យច្បាស់ថា ការលើកឡើងការចោទប្រកាន់ច្រើន មិនមានន័យថា មានទឡ្ហីករណ៍ផ្លូវច្បាប់ខ្លាំងជាងនោះទេ។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ភាគីថៃបានលើកឡើងនូវបញ្ហាជាច្រើន ដែលមួយចំនួនពាក់ព័ន្ធនឹងជម្លោះព្រំដែនគោក ព្រឹត្តិការណ៍យោធា និងបញ្ហានយោបាយផ្សេងៗ។ ការលើកឡើងទាំងនេះអាចទាក់ទាញចំណាប់អារម្មណ៍សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែវាមិនមែនជាស្នូលនៃបញ្ហាដែលគណៈកម្មការផ្សះផ្សាត្រូវជួយភាគីទាំងពីរដោះស្រាយនោះទេ។

ដូច្នេះ សាធារណជនកម្ពុជាមិនចាំបាច់ព្រួយបារម្ភ ឬគិតថា កម្ពុជាត្រូវតែរត់តាមឆ្លើយតបរាល់ការចោទប្រកាន់ទាំងអស់នោះទេ។ បញ្ហាជាច្រើនត្រូវបានលើកឡើង និងឆ្លើយតបជាសាធារណៈរួចមកហើយ។ សហគមន៍អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងអ្នកសង្កេតការណ៍នានា ក៏មានលទ្ធភាពពិនិត្យមើលកំណត់ត្រា អង្គហេតុ ភស្តុតាង និងការវិវត្តជាក់ស្តែងនៅលើដីដោយខ្លួនឯង។

កម្ពុជាមិនចាំបាច់ប្រកួតប្រជែងលើការចោទប្រកាន់ទេ។ កម្ពុជាត្រូវប្រកួតប្រជែងលើទឡ្ហីករណ៍ ច្បាប់ អង្គហេតុ និងដំណោះស្រាយ។

គណៈកម្មការផ្សះផ្សាមិនត្រូវបានបង្កើតឡើងដើម្បីសម្រេចថា ភាគីណាអាចធ្វើការចោទប្រកាន់ខ្លាំងជាង ឬច្រើនជាងភាគីណានោះទេ។ គោលបំណងនៃយន្តការនេះ គឺជួយភាគីទាំងពីរស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី និងអាចអនុវត្តបានចំពោះភាពជាប់គាំងនៃបញ្ហាព្រំដែនសមុទ្រ។

នៅត្រង់ចំណុចនេះ កម្ពុជាបានបង្ហាញជំហរដែលមានទិសដៅច្បាស់លាស់ និងផ្តោតលើដំណោះស្រាយ។

កម្ពុជាបានដាក់ផ្លូវជាក់ស្តែងលើតុ ដោយមានគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ ដើម្បីសម្រេចបាននូវគោលដៅនេះ ទី១-កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុង ជ្រោយរវាងប្រទេសទាំងពីរ។ ទី២-ជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។ ទី៣-ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងលើព្រំដែនសមុទ្រ និងទាំងលើការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS។

នេះជាភាពខុសគ្នាសំខាន់រវាង ការប្រកួតប្រជែងនិទានកថា (narrative) និង ការស្វែងរកដំណោះស្រាយ។

ការចោទប្រកាន់អាចបង្កើតចំណងជើងព័ត៌មានបាន ប៉ុន្តែវាមិនអាចកំណត់ព្រំដែនសមុទ្របានទេ។ ការវាយប្រហារគ្នាតាមពាក្យសម្ដីអាចទាក់ទាញការចាប់អារម្មណ៍មួយរយៈ ប៉ុន្តែមិនអាចបំបែកភាពជាប់គាំងដែលមានរយៈពេលជាច្រើនទសវត្សរ៍បានឡើយ។ អ្វីដែលអាចនាំទៅរកលទ្ធផល គឺអង្គហេតុ ច្បាប់ ការចរចាដោយសុចរិត និងសំណើដំណោះស្រាយដែលអាចអនុវត្តបាន។

ហេតុនេះ សំណួរដែលសាធារណជនគួរសួរ មិនមែនថា «ថៃបានចោទកម្ពុជាប៉ុន្មានចំណុច?» ឬ «ភាគីណានិយាយខ្លាំងជាង?» នោះទេ។

សំណួរដែលមានសារៈសំខាន់ជាងគេគឺ៖ តើភាគីណាមានទឡ្ហីករណ៍ពាក់ព័ន្ធនឹងបញ្ហាដែលគណៈកម្មការកំពុងដោះស្រាយ? តើភាគីណាឈរលើមូលដ្ឋានច្បាប់? ហើយសំខាន់បំផុត តើភាគីណាបានដាក់ផ្លូវដោះស្រាយជាក់ស្តែងលើតុ?

កម្ពុជាបានបង្ហាញជម្រើសរបស់ខ្លួនហើយ។ ដូច្នេះ សំណួរសំខាន់បន្ទាប់គឺ៖ តើថៃមានផ្លូវដោះស្រាយជាក់ស្តែងអ្វីដាក់លើតុ ដើម្បីនាំភាគីទាំងពីរចេញពីភាពជាប់គាំង?

ក្នុងដំណាក់កាលនេះ កម្ពុជាគួរបន្តរក្សាភាពស្ងប់ស្ងាត់ វិន័យក្នុងការទំនាក់ទំនង និងការផ្តោតលើសំណុំរឿង។ កម្ពុជាមិនចាំបាច់នាំការជជែកពិភាក្សាទៅកាន់សមរភូមិថ្មី ដោយគ្រាន់តែភាគីម្ខាងលើកការចោទប្រកាន់ថ្មីនោះទេ។ សហគមន៍អន្តរជាតិមានលទ្ធភាពពិនិត្យមើលកំណត់ត្រា ភស្តុតាង និងការវិវត្តនានាដោយខ្លួនឯង។ ភារកិច្ចរបស់កម្ពុជាគឺបង្ហាញអង្គហេតុ ឈរលើច្បាប់អន្តរជាតិ និងបន្តដាក់ដំណោះស្រាយដែលអាចអនុវត្តបាន។

ការមិនរត់តាមឆ្លើយគ្រប់ការចោទប្រកាន់ មិនមែនជាភាពទន់ខ្សោយទេ។ ផ្ទុយទៅវិញ វាបង្ហាញពីភាពជឿជាក់លើអង្គហេតុ ទឡ្ហីករណ៍ និងដំណើរការផ្លូវច្បាប់ ហើយរក្សាការផ្តោតលើគោលដៅសំខាន់បំផុត៖ ការស្វែងរកដំណោះស្រាយដោយសន្តិវិធី សមធម៌ និងស្របតាមច្បាប់អន្តរជាតិ។

សម្រាប់សាធារណជន អាចចងចាំគោលការណ៍សាមញ្ញមួយ៖ «កុំរាប់ចំនួនការចោទប្រកាន់ ត្រូវថ្លឹងទម្ងន់ទឡ្ហីករណ៍។ កុំមើលថាអ្នកណានិយាយខ្លាំងជាង ត្រូវមើលថាអ្នកណាមានមូលដ្ឋានច្បាប់ និងដំណោះស្រាយច្បាស់ជាង។ កម្ពុជាបានដាក់ដំណោះស្រាយលើតុហើយ។ សំណួរនៅពេលនេះគឺ៖ តើថៃមានដំណោះស្រាយជាក់ស្តែងអ្វីដាក់លើតុ?»៕

ប្រភព ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print