ខេត្តកំពង់ស្ពឺ÷ កម្លាំងសមត្ថកិច្ចស្រុកសាមគ្គីមុន្នីជ័យ បានឃាត់ខ្លួនបុរសម្នាក់ដែលប្រើអំពើហិង្សាលើម្ដាយដោយសារខឹងសុំលុយមិនបាន ហើយសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធី។
អនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃ ទី១៥ខែ កញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១១និង០០នាទី នៅចំណុចផ្ទះឈ្មោះ អ៊ូ ឡុក ភេទប្រុសអាយុ៦៩ឆ្នាំស្ថិតនៅភូមិពីងពង់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានករណីហិង្សាក្នុងគ្រួសារមួយកើតឡើង បង្កដោយជនឈ្មោះ ឡុំ វុទ្ធីភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំខាងលើ។
ប្រភពបានអត់ដឹងថា កូនប្រុសនេះបានយករនាស់ទៅវាយម្តាយបង្កើត ឈ្មោះឡេង ម៉ាក់ អាយុ៧០ឆ្នាំរស់នៅភូមិពីងពុង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យរងរបួសបែកក្បាលផ្នែកខាងមុខ និងវាយត្រូវចំនួន៤ដៃថែមទៀតផង ដោយសារខឹងសុំលុយម្ដាយមិនបាន ។
ដោយទទួលបានបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកឧត្តម សេនីយ៍ស្នងការ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបានឃាត់ខ្លួនមុខសញ្ញាបង្កភ្លាមៗ នៅ នឹងកន្លែងកេីតហេតុ មកអនុវត្តន៍និតិវិធីច្បាប់។ ករណីខាងលើជំនាញកំពុងកសាងសំណុំរឿងអនុវត្តន៍តាមនីតិវីធីច្បាប់ ៕
ដោយ៖ សុរិយា










