ភ្នំពេញ៖ ក្រុមជនសង្ស័យប្រមាណ៥នាក់ បានធ្វើ សកម្មភាពគាស់ផ្ទះមួយកន្លែងដែលទុកចោល ដើម្បីលួចសម្ភារ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងថតរូបរាយការណ៍ជូនសមត្ថកិច្ច។ នៅពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ ក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង ៣០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្ទះទុកចោលមួយកន្លែង ជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមជនសង្ស័យបានគាស់ផ្ទះដែលម្ចាស់ចាក់សោទុកចោល រួចនាំគ្នាចូលទៅខាងក្នុង និងសែងតុ ទូ កៅអី ព្រមទាំងសម្ភារផ្សេងៗចេញពីផ្ទះ។
ក្រោយប្រទះឃើញសកម្មភាពនេះ ប្រជាពលរដ្ឋបានថតរូបទុក និងរាយការណ៍ទៅកម្លាំងសមត្ថកិច្ចខណ្ឌ ទួលគោក។ ភ្លាមៗនោះ សមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាង និងសមត្ថកិច្ចខណ្ឌទួលគោក បានចុះទៅអន្តរាគមន៍ ប៉ុន្តែជនសង្ស័យបានដឹងខ្លួន និងរត់គេចខ្លួនបាត់ស្រមោល។សមត្ថកិច្ចបានរកឃើញ និងដកហូតវត្ថុតាងដែលបន្សល់ទុកនៅកន្លែងកើតហេតុ រួមមាន តុ ទូ កៅអី ផ្ទាំងគំនូរ១ផ្ទាំង ទួណឺវីស និងកន្ត្រៃ១។
បច្ចុប្បន្ន វត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ផ្ទះមកដាក់ពាក្យបណ្តឹង និងបន្តការស្រាវជ្រាវស្វែងរកក្រុមជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










