ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា គោលនយោបាយ និងផែនការយុទ្ធសាស្ត្រសុខាភិបាលដែលបានដាក់ចេញក្នុងអាណត្តិទី៧នេះ គឺប្រកាន់ខ្ជាប់នូវអភិក្រមពង្រឹងវិស័យសុខាភិបាល ចាប់ពីមូលដ្ឋានឡើងមកថ្នាក់លើ និងពង្រឹងពិពិធកម្មសមត្ថភាព ពីថ្នាក់លើចុះទៅមូលដ្ឋានវិញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវាព្យាបាលជំងឺមហារីក។
ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ចំពោះការពង្រឹងវិស័យសុខាភិបាលចាប់តាំងពីក្រោមឡើងលើ គឺការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពគ្រូពេទ្យមូលដ្ឋានចាប់ពីប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែកស្រុក ហើយចំណែកឯការពង្រឹងសមត្ថភាពនៃជំនាញដែលទាមទារការវិនិយោគទុនធំៗ ដូចជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក ជំងឺបេះដូង និងជំនាញឯកទេសផ្សេងៗទៀត គឺត្រូវរៀបចំឡើងពីថ្នាក់ជាតិ ទៅកាន់ថ្នាក់តំបន់ និងរហូតដល់ថ្នាក់ខេត្ត ព្រោះវិស័យទាំងនេះទាមទារនូវការប្រើប្រាស់ធនធានច្រើន ការបណ្តុះបណ្តាលរយៈពេលយូរ និងការយកចិត្តទុកដាក់ខ្ពស់បំផុតលើយកគុណភាពជាចម្បងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា នៅក្នុងរយៈពេល ៣ ឆ្នាំនៃអាណត្តិទី ៧ នេះ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗជាច្រើន ហើយក្នុងនោះ សម្រាប់វិស័យសុខាភិបាល រាជរដ្ឋាភិបាលបានដាក់ចេញនូវទិសដៅផ្តល់សេវាថែទាំសុខភាព ២៤លើ២៤ម៉ោង ដោយបានជ្រើសរើស និងដាក់ពង្រាយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងឆ្មបសរុប ៥២២នាក់ ដែលក្នុងនោះរួមមានមន្ត្រីក្របខណ្ឌចំនួន ៨២នាក់ និងមន្ត្រីកិច្ចព្រមព្រៀងការងារចំនួន ៤៤០នាក់៕
ដោយ ៖ សិលា











