ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា ចំពោះបញ្ហាព្រំដែនជាមួយប្រទេសថៃ ទាំងព្រំដែនគោក និងព្រំដែនទឹក កម្ពុជាតែងតែព្យាយាមដោះស្រាយដោយសន្តិវិធី តាមរយៈការចរចាស្របតាមច្បាប់អន្តរជាតិ ដោយរាជរដ្ឋាភិបាលមិនជ្រើសរើសការយកថវិកាទៅទិញអាវុធសម្រាប់បាញ់គ្នានោះឡើយ ផ្ទុយទៅវិញ គឺត្រូវយកថវិកាជាតិមកដោះស្រាយអន្តរាគមន៍សេដ្ឋកិច្ច និងសង្គ្រោះជីវភាពរបស់ប្រជាពលរដ្ឋ។
ការថ្លែងបញ្ជាក់បែបនេះរបស់សម្តេចធិបតី បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» ដែលជាមន្ទីរពេទ្យឯកទេសផ្តល់សេវាព្យាបាលជំងឺមហារីក។
នៅក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន លើកឡើងអំពីបន្ទុកចំណាយដ៏ច្រើន របស់រដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកជីវភាពប្រជាពលរដ្ឋ ដោយរហូតមកដល់ពេលនេះ រដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាឧបត្ថម្ភជាង ៣៦០លានដុល្លារ តាមរយៈការទម្លាក់ពន្ធលើក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ ដើម្បីទប់កុំឱ្យតម្លៃប្រេងឡើងថ្លៃខ្ពស់។ ក្រៅពីនេះ រដ្ឋាភិបាលក៏បានចំណាយថវិកាជាង ៥០លានដុល្លារបន្ថែមទៀត តាមរយៈអគ្គិសនីកម្ពុជា (EDC) ដើម្បីទប់ទល់ថ្លៃដើមថាមពលផងដែរ។
បន្ថែមពីលើនេះ សម្តេចធិបតីបានគូសបញ្ជាក់ថា ថ្មីៗនេះសម្តេចបានចុះហត្ថលេខាផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារងាយរងហានិភ័យជាង ១លានគ្រួសារ ដែលទាមទារឱ្យរដ្ឋត្រូវចំណាយថវិការាប់រយលានដុល្លារ។ សម្តេចបានសង្កត់ធ្ងន់ថា៖ «យើងចំណាយលុយលើបញ្ហានេះ ល្អជាងយើងយកលុយទៅទិញគ្រាប់ BM ដើម្បីបាញ់គ្នា។ យើងយកលុយនេះដើម្បីជួយដល់ប្រជាពលរដ្ឋសិនប្រសើរជាង»។
ស្របគ្នានេះដែរ រាជរដ្ឋាភិបាលក៏បានអន្តរាគមន៍ជួយសម្រាលការប្រាក់ធនាគារដល់ប្រជាពលរដ្ឋងាយរងហានិភ័យ គ្រួសារកងទ័ព ពលរដ្ឋភៀសសឹក និងអតីតពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស ដែលការងារទាំងអស់នេះសុទ្ធតែទាមទារឱ្យរដ្ឋត្រូវចំណាយថវិកាយ៉ាងច្រើនជាបន្តបន្ទាប់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា កម្ពុជានៅតែប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនតាមយន្តការសន្តិវិធី និងការចរចាស្របតាមច្បាប់អន្តរជាតិ ខណៈដែលថវិកាជាតិត្រូវបន្តផ្តល់អាទិភាពចម្បងដល់ការស្តារសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់ រាប់រយ រាប់ពាន់គ្រួសារនៅតាមតំបន់ព្រំដែន ជាពិសេសបងប្អូននៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕
ដោយ ៖ សិលា











