ភ្នំពេញ៖ បើតាមរបាយការណ៍ពីអាកាសចរណ៍ស៊ីវិលកម្ពុជា បានបង្ហាញថា រយៈពេល ៨ ខែ ឆ្នាំ២០២៦ (ខែមករា ដល់ ខែសីហា) អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ទទួលបានអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) ចំនួន ៤,១៥៩,៧៥៣ នាក់ ដោយមានការថយចុះ ១០% បើធៀបរយ:ពេល ៨ខែ ឆ្នាំ២០២៥។
របាយការណ៍ដដែល បានបញ្ជាក់ថា កម្ពុជាទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ចំនួន ៤២,១៨៩ ជើង រយ:ពេល ៨ខែ ឆ្នាំ២០២៦ ដោយមានការថយចុះ ១% បើធៀបរយ:ពេល ៨ខែ ឆ្នាំ២០២៥។ ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) ចំនួន ៦៦,៥៥៩ តោន មានការកើនឡើង ១៧% បើធៀបរយ:ពេល ៨ខែ ឆ្នាំ២០២៥។ ជើងហោះហើររំលង ចំនួន ៦១,៦២០ ជើង មានការកើនឡើង ៧% បើធៀបរយ:ពេល ៨ខែ ឆ្នាំ២០២៥។
គិតរយៈពេល ១ ខែ (ខែសីហា) ធៀបរយៈពេល ១ ខែ (ខែកក្កដា) ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិទាំង៣ ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ចំនួន ៤,៩៤១ ជើង ក្នុងខែសីហា ដោយមានស្ថេរភាព (០%) បើធៀបទៅនឹងខែមុន (ខែកក្កដា ឆ្នាំ២០២៦) អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) ចំនួន ៤៤៧,១១៤ នាក់ និញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) ចំនួន ៩,៤៥៦ តោន និង ជើងហោះហើររំលង ចំនួន ៨,៤០៧ ជើង ក្នុងខែសីហា ដោយមានការកើនឡើង ២%។
ក្នុងខែសីហា ឆ្នាំ២០២៦ មានក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរចំនួន ៣៣ ក្រុមហ៊ុន (ជាតិ ៤ និងអន្តរជាតិ ២៩)។ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ចំនួន ៣,៥១៨ ជើង អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) ចំនួន ៣៤២,៤៣៧ នាក់ និង ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) ចំនួន ៩,៣៧៦ តោន។
ចំណែកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ចំនួន ១,១៣៦ ជើង អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) ចំនួន ៨៥,០២៤ នាក់ និង ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) ចំនួន ៨១ តោន។ ចំពោះអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ចំនួន ២៦៩ ជើង អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) ចំនួន ១៨,៨០៩ នាក់ និង ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) ចំនួន ០ តោន។
ដោយឡែក អាកាសយានដ្ឋានតារាសាគរ (DSY) ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ចំនួន ១៨ ជើង អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) ចំនួន ៨៤៤ នាក់ និងទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) ចំនួន ០ តោន៕ដោយ៖តារា










