Man Utd ធ្លាក់ពី League Cup ក្រោយនាំមុខ 2-0 ប៉ុន្តែចាញ់ Brightonដោយលទ្ធផល3-2ដូចក្នុងប្រវត្តិសាស្ត្រ ៥០ ឆ្នាំមុន

ចែករំលែក៖

អ្នកគាំទ្រ Manchester United ដែលមិនសប្បាយចិត្ត បានឃើញហេតុការណ៍មួយដែលមិនធ្លាប់កើតឡើងនៅ Old Trafford អស់រយៈពេលកន្លះសតវត្សរ៍ កាលពីថ្ងៃពុធ ខណៈ United បានចាញ់ Brighton & Hove Albion 2-3 នៅក្នុងដីខ្លួនឯង ក្នុងជុំទី៣ នៃ League Cup បន្ទាប់ពីបាននាំមុខ 2-0។

លើកចុងក្រោយដែល United ចាញ់ការប្រកួតក្នុងដីខ្លួនឯង បន្ទាប់ពីនាំមុខគូប្រកួត 2 គ្រាប់ គឺកាលពីខែកញ្ញា ឆ្នាំ១៩៧៦ នៅពេល Tottenham Hotspur យកឈ្នះពួកគេក្នុងលទ្ធផលដូចគ្នា 3-2។

Brighton បានកក់កៅអីទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ ខណៈបរាជ័យនេះបានក្លាយជាបញ្ហាបន្ថែមមួយទៀតសម្រាប់ Manchester United ដែលទើបតែចាញ់គូប្រជែង Manchester City 0-1 ក្នុងការប្រកួត Premier League កាលពីចុងសប្តាហ៍មុន ក្នុងការប្រកួតដែលមានភាពចម្រូងចម្រាស។

បច្ចុប្បន្ន United ឈរនៅលេខ១៣ ក្នុងតារាង Premier League ដោយឈ្នះត្រឹម ១ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៤ ប្រកួតដំបូង។

United បានបើកការនាំមុខ 2-0 យ៉ាងលឿន។ កីឡាករវ័យជំទង់ Shea Lacey ស៊ុតបញ្ចូលទីនៅនាទីទី៨ មុនពេល Mason Mount បន្ថែមគ្រាប់ទី២ ត្រឹម ២ នាទីបន្ទាប់។

ប៉ុន្តែ Brighton បានចាប់ផ្តើមវាយបកវិញ ដោយ Charalampos Kostoulas រកបានមួយគ្រាប់នៅម៉ោងបន្ថែមនៃតង់ទី១។

បន្ទាប់មក Pascal Gross បានស៊ុតបញ្ចូលទីតាមស្មើនៅនាទីទី៦៥ ហើយត្រឹម ៤ នាទីក្រោយមក Maxim De Cuyper បានរកគ្រាប់ជ័យជម្នះនៅនាទីទី៦៩ ដើម្បីជួយ Brighton វាយបកយកឈ្នះ 3-2។

នៅពេលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត អ្នកគាំទ្រ United នៅ Old Trafford បានបន្លឺសំឡេងហ៊ោ និងស្រែកបង្ហាញការមិនពេញចិត្តចំពោះលទ្ធផលរបស់ក្រុម។

លោក Michael Carrick គ្រូបង្វឹក Manchester United បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ក្នុងនាមជាក្រុម យើងមិនអាចទទួលយករឿងបែបនេះបានទេ។ ខ្ញុំទទួលខុសត្រូវចំពោះវា។ ការបង្ហាញសមត្ថភាពរបស់ក្រុមនៅចុងតង់ទី២ គឺជាការទទួលខុសត្រូវរបស់ខ្ញុំ។»

នេះគឺជាការចាញ់ជាប់គ្នាលើកទី៣ របស់ United ក្នុងការប្រកួតពានក្នុងស្រុក។

កាលពីរដូវកាលមុន United បានធ្លាក់ចេញពី League Cup តាំងពីជុំទី២ បន្ទាប់ពីចាញ់ Grimsby Town ដែលជាក្រុមនៅក្របខណ្ឌទី៤ តាមរយៈការទាត់បាល់ពិន័យ 11 ម៉ែត្រ។

បន្ទាប់មក ពួកគេក៏បានចាញ់ Brighton 1-2 នៅ Old Trafford ក្នុងជុំទី៣ នៃ FA Cup កាលពីខែមករា។

...

រដូវកាលមុន គឺជាលើកដំបូងចាប់តាំងពីរដូវកាល 1981-82 ដែល Manchester United មិនអាចឈ្នះការប្រកួតសូម្បីតែមួយជុំ ក្នុងចំណោមពានក្នុងស្រុកទាំងពីរ គឺ League Cup និង FA Cup៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print