របាំងស្បៃមុង ឧបករណ៍នេសាទខុសច្បាប់ចំនួន ១៥ របាំង ប្រវែងជាង ១៥០០ ម៉ែត្រ ត្រូវបានកងកម្លាំងចម្រុះខេត្តកំពង់ធំ សហការជាមួយខេត្តសៀមរាប បំផ្លាញ

ចែករំលែក៖

ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានបន្តដាក់ចេញបទបញ្ជាថ្មីបន្ថែមទៀត ឲ្យកងកម្លាំងចម្រុះនៅទីបញ្ជាការស្រាល ប្រចាំការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំពាមបាង ស្រុកស្ទោង ដែលដឹកនាំដោយលោកអនុសេនីយ៍ឯក លុយ សុភាព ត្រូវបន្តសកម្មភាពសហការជាមួយកង កម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប យោធភូមិភាគទី៤ បន្តធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលកំពុងកើតឡើងថ្មី នៅតំបន់រហាលព្រួល ជាប់ព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ ជាមួយនិងស្រុកជីក្រែងរបស់ខេត្តសៀមរាប ។

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លទ្ធផលនៃការបង្ក្រាបរបាំងស្បៃមុង ដែលជាឧបករណ៍នេសាទខុសច្បាប់ នៅក្នុងថ្ងៃនេះ បានចំនួន ១៥ របាំង ដែលមានប្រវែងជាង ១,៥០០ ម៉ែត្រ ។ ឡុកស្បៃមុង ២៥ គ្រឿង លបឬលូចំនួន ៣២មាត់ កាប់បំផ្លាញបង្គោលឈើចំនួនជាង ៧០០ដើម នឹងបានចាក់លែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញបានប្រមាណជាង ៣០ គីឡូក្រាម។

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ប្រជានេសាទទាំងអស់ សូមមេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ពិសេសរបាំងស្បៃមុងដែលច្បាប់បានហាមឃាត់ដាច់ខាត ដើម្បីទុកឲ្យផលត្រីរបស់យើងបានសម្បូរឡើងវិញ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស និងត្រូវរួមគ្នាថែរក្សាធនធានធម្មជាតិយើង ឱ្យនៅគង់វង្សសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត។

 

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកប្រេងឥន្ធនៈ ចំនួន ៥០០ លីត្រ បន្ថែមទៀត ប្រគល់ជូនលោកអនុសេនីយ៍ឯក លុយ សុភាព ប្រធានក្រុមទីបញ្ជាការស្រាលនៅឃុំពាមបាង ស្រុកស្ទោង ដើម្បីបន្តសកម្មភាពក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឲ្យទទួលបានជោគជ័យបន្ថែមទៀត ដើម្បីសង្គមជាតិយើងទាំងអស់គ្នា ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print