ខេត្តកំពង់ឆ្នាំង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍សំខាន់ៗនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC នៅខេត្តកំពង់ឆ្នាំង ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានដូចខាងក្រោម៖
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ខេត្តកំពង់ឆ្នាំងកំពុងប្រែក្លាយពីខេត្តដែលគេឆ្លងកាត់ ក្លាយទៅជាខេត្តអភិវឌ្ឍតំបន់ឧស្សាហកម្ម ខណៈរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងជំរុញការតភ្ជាប់បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែពហុបំណង និងតំបន់ឡូជីស្ទីកបន្ថែមទៀត ជាក់ស្ដែងថ្ងៃនេះបានសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC។
សម្ដេចធិបតី ថ្លែងថា បច្ចុប្បន្ននៅកម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន ១៥ ក្នុងនោះរោងចក្រកំពុងដំណើរការចំនួន ១០ រោងចក្រពុំទាន់ដំណើរការចំនួន ២ និងមានគម្រោង រោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើសុំចុះបញ្ជីវិនិយោគ និងកំពុងសាងស់រោងចក្រ ខណៈទុនវិនិយោគសរុបក្នុងវិស័យនេះសរុប ២៤៨ លានដុល្លារ ក្នុងនោះទុនវិនិយោគសរុបក្នុងស្រុក ២៨% និងទុនវិនិយោគពីបរទេសសរុប ៧២% ដោយបានបង្កើតការងារសរុប ២៧៧៤ កន្លែង។
សម្ដេចធិបតី បានឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ពិនិត្យមើល ការកំណត់បន្ថែមទៀតនៃការពង្រីក ចំនួនក្រុមហ៊ុនដំឡើងរថយន្ត ខណៈសម្ដេចមើលឃើញថាក្រុមហ៊ុនដំឡើងរថយន្តទៅថ្ងៃក្រោយនឹងឈានទៅដល់ការផលិតកម្រិតណាមួយដែលជាការវិនិយោគធំ និងទីផ្សារចំពោះការផលិត ខណៈបច្ចុប្បន្នក្រុមហ៊ុន និងរោងចក្រទាំងអស់មានសមត្ថភាពផលិតរថយន្តបានចំនួន ៣៥០០០ គ្រឿងរួចទៅហើយ ដូច្នេះត្រូវពិនិត្យមើលថា តើត្រូវផ្ដល់បន្ថែមទៀត ឬត្រូវបន្ថយល្បឿនវិញ។
សម្ដេចធិបតី ថ្លែងថា កម្ពុជាមិនប្រញាប់ចង់បានរោងចក្រផ្គុំ និងដំឡើងរថយន្តច្រើននោះទេ ប៉ុន្ដែត្រូវពង្រឹងចំពោះរោងចក្រ និងក្រុមហ៊ុនដែលមានស្រាប់ និងអ្នកវិនិយោគឱ្យរស់ ឱ្យរីក ដែលមកវិនិយោគនៅកម្ពុជា។
សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តមួយចំនួនទៀតនាពេលខាងមុខ ដើម្បីធ្វើម៉េចឱ្យក្រុមហ៊ុនមួយចំនួនដូចជាការផលិតរថយន្តជាដើមអាចជួយទៅដល់ឧស្សាហកម្មទាំងនេះ។
សម្ដេចធិបតី ថ្លែងថា «ភាពជោគជ័យដែលខ្ញុំនិយាយ មិនមែនទៅលើតួលេខនៃការបើកទេ ប៉ុន្ដែជាតួលេខ និងអត្រានៃការបើកហើយ ក្រុមហ៊ុន និងរោងចក្រទាំងនោះ អាចរស់ ហើយរីក។ ដូចសាលារៀនមួយអីចឹង មិនប្រាស្រ័យតួលេខទៅលើប្រមាណនាក់ទទួលសញ្ញាបត្រទេ ប៉ុន្ដែអាស្រ័យទៅលើភាគរយនៃអ្នកបានសញ្ញាបត្រហើយទទួលបានការងារធ្វើហើយរីកចម្រើន»។
សម្ដេចធិបតី ថ្លែងថា ជាង ៣ទសវត្សរ៍មកនេះ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជាបានប្រែប្រួលពីប្រទេសដែលពឹងផ្អែកស្ទើទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណីទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ និងរឹងមាំដែលអាចចាប់យកឧស្សាហកម្មថ្មីៗ និងមានតម្លៃខ្ពស់តាមរយៈការដាក់ចេញ និងអភិវឌ្ឍយ៉ាងសកម្មឱ្យទាន់ពេលនូវគោលនយោបាយត្រឹមត្រូវមុតស្រួច និងចំទិសដៅ។
– សម្ដេចធិបតី ថ្លែងថា ការកកើតច្រើននូវរោងចក្រសហគ្រាសក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាការបង្កើតការងារនោះទេ តែជាការផ្ទេរជំនាញពិតប្រាកដ (សញ្ញាឃើញ) ដល់កូនខ្មែរ និងជាការបង្កើតធនធានកម្ពុជាឱ្យមានភាពធន់។
សម្ដេចធិបតី ថ្លែងថា «ជាក់ស្ដែង, ចំណែកនៃវិស័យឧស្សាហកម្មក្នុង ផ.ស.ស មានប្រមាណ ១២,៦% នៅឆ្នាំ ១៩៩៣ ឥឡូវយើងកើនរហូតទៅដល់ ៤២,៣% ក្នុងឆ្នាំ ២០២៥ ជាមួយនឹងនិន្នាការបន្តកើនឡើង។ សម្ដេចបន្តថា រាជរដ្ឋាភិបាលសម្រេចបានជោគជ័យបន្តបន្ទាប់ក្នុងការធ្វើបរិវត្តកម្មវិស័យឧស្សាហកម្មពីឧស្សាហកម្មពឹងផ្អែកចំបងលើកម្លាំងពលកម្មទៅជាឧស្សាហកម្មដែលប្រើប្រាស់ជំនាញ និងបច្ចេកវិទ្យាកាន់តែខ្ពស់។
សម្ដេចធិបតី ថ្លែងថា វិស័យឧស្សាហកម្មកម្ពុជា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦នេះ មានក្រុមហ៊ុន និងរោងចក្រចំនួន ៣៣៥៧ រោងចក្រ ដែលចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ នៅតាមបណ្ដារាជធានី ខេត្តទាំង ២៥ របស់កម្ពុជា ដែលប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១,៣ លាននាក់ ក្នុងនោះស្រ្ដីជាង ៩០ម៉ឺននាក់ ភាគច្រើននៅក្នុងវិស័យកម្មន្តសាល វាយនភណ្ឌ ដែលមានទុនសរុប ២៨ពាន់លានដុល្លារ កើនឡើងជាង ៦០០០ពាន់លានដុល្លារ ស្មើនឹង ២៨,៨២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
សម្ដេចធិបតី ថ្លែងថា ការរោងចក្រផ្គុំ និងដំឡើងរថយន្ត បានជួយកាត់បន្ថយការនាំចូលផលិតផលសម្រេចពីខាងក្រៅជំនួសមកវិញនូវការផលិត ផ្គុំក្នុងស្រុករក្សាបាននូវរូបិយបណ្ណបរទេស និងបង្កើនតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស ព្រោះបើយើងនាំចូលមក យើងបង់តែលុយៗទាំងអស់នៅក្រៅ ទាំងលុយសម្រាប់ពលកម្មជាដើម ប៉ុន្ដែយើងដំឡើងនៅក្នុងស្រុកមួយផ្នែកថវិកាចូលទៅដល់បុគ្គលិកក្នុងស្រុករបស់យើង។
– សម្ដេចធិបតី ថ្លែងជំរុញវិស័យឯកជនឱ្យរស់ ឱ្យរីក ឱ្យស្រួលរស់ ឱ្យស្រួលរីក នេះគឺជាគោលការណ៍ ព្រោះវិស័យឯកជនរីក នឹងជួយរដ្ឋច្រើនក្នុងការបង្កើតការងារ ដោះស្រាយចំណូល ព្រោះក្រុមហ៊ុនចំណេញ បង់ពន្ធចូលរដ្ឋ យកពន្ធទៅធ្វើផ្លូវ ធ្វើអ្វីបន្ថែមទៀត បើកប្រាក់ខែមន្ត្រីរាជការ ពង្រីកសក្ដានុពល លើកទឹកចិត្តដល់វិស័យឯកជនថែមទៀត។
សម្ដេចធិបតី ថ្លែងថា ការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅក្នុងស្រុក មិនត្រឹមតែបង្កើតការងារដល់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែបានផ្ទេរជំនាញ និងចំណេះដឹងទៅដល់កូនខ្មែរ ខណៈកូនខ្មែរនឹងក្លាយជាអ្នកប្រតិបត្តិ និងជាអ្នកបញ្ជាម៉ាស៊ីនដោយផ្ទាល់។
សម្ដេចធិបតី ថ្លែងថា «ទិសដៅសំខាន់ ការបណ្ដុះបណ្ដាលភ្ជាប់ជាមួយនឹងការងារ ចេញពីសាលាបានមួយកម្រិតសញ្ញាបត្រ ប៉ុន្ដែធ្វើការផ្ទាល់បានសញ្ញាឃើញ យើងចង់បានសញ្ញាឃើញឱ្យច្រើន។ សញ្ញាឃើញនេះហើយដែលពង្រីកសមត្ថភាព និងភាពប៉ិនប្រសព្វរបស់មនុស្ស។ យើងរឿននៅសាលាអាចដោះស្រាយសមីការដែលគ្រូដាក់ឱ្យ ប៉ុន្ដែចេញនៅក្នុងស្ថាភាពពិតប្រាកដ យើងប្រាកដជាត្រូវយកមូលដ្ឋាននោះដោះស្រាយបទពិសោធន៍ថ្មីៗហើយ»។
សម្ដេចធិបតី ថ្លែងលើកទឹកចិត្តដល់រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co.,Ltd.) សិក្សាលទ្ធភាពក្នុងការសហការជាមួយរោងចក្រនៅក្នុងស្រុក ដើម្បីផលិត និងផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តផ្សេងៗសំដៅខាត់បន្ថយថ្លៃដើម ជាក់ស្ដែងឥឡូវនេះកម្ពុជាមានក្រុមហ៊ុន ផ្គុំ និងដំឡើងរថយន្តលំដាប់អន្តរជាតិមួយដែលទទួលការផ្គត់ផ្គង់គ្រឿងបង្គុំពីប្រភពក្នុងស្រុក ២០%ហើយ ដូច្នេះបានន័យថាក្នុងស្រុកធ្វើបាន គ្រាន់តែទាញយកំរូនេះដើម្បីពង្រីកឱ្យកាន់តែធំ៕
ដោយ៖តារា










