ភ្នំពេញ÷បុរសសតិមិនសូវល្អម្នាក់បានដុតផ្ទះខ្លួនឯងបណ្តាលឲ្យឆាបឆេះហើយលោតពីលើផ្ទះបែកក្បាលបត់កស្លាប់ភ្លាមៗ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលា៩និង៤០នាទី ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅម្តុំខាងក្រោមស្ពានអាកាសមរតកតេជោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដែលមានសតិមិនសូវល្អខាងលើ បានយកចង្រ្កានហ្គាសដុត ផ្ទះខ្លួនឯងនៅជាន់ខាងលើបង្កឲ្យមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅ ខណៈភ្លើងកំពុងតែឆាបឆេះខ្លាំងធ្វើឲ្យបុរសវ័យចំណាស់ខាងលើទ្រាំនិងផ្សែងភ្លើងមិនបានក៏ប្រថុយលោតទំលាក់ចុះមកខាងក្រោមបណ្តាលឲ្យបែកក្បាលបត់ក ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។
បន្ទាប់ពីមានករណីអគ្គីភ័យកំពុងតែឆាបឆេះ សមត្ថកិច្ចមូលដ្ឋាននៃគណៈបញ្ជាការឯកភាពខណ្ឌចំការមន សហការណ៍ជាមួយកម្លាំងការិយាល័យពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅជួយអន្តរាគមន៍បញ្ជូនរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅបាញ់ទឹកការពារនៅទីតាំងកើតហេតុខាងលើកុំឲ្យមានការរាលដាលបន្តទៅកាន់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនិងកន្លែងកើតហេតុជាបន្តទៀត។
ក្រោយពេលកើតហេតុសមត្ថកុច្ចជំនាញការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនិងវិទ្យាសាស្ត្រស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅពិនិត្យសពនិងធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕










