ខេត្តមណ្ឌលគិរី ៖ លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់អាជ្ញាធរស្រុក ត្រូវពង្រឹងការអនុវត្តវិធានការរដ្ឋបាលចំហរ ត្រូវណែនាំដល់ផ្ទះសំណាក់ មជ្ឈមណ្ឌលកំសាន្តនានា ដើម្បីការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ ២០២៦ លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំក្រុមការងារ ចុះនៅតាមបណ្តោយព្រំដែនស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង និងឃុំប៊ូស្រា ស្រុកពេជ្រាដា ព្រមទាំងចុះត្រួតពិនិត្យទៅលើទីតាំងមជ្ឈមណ្ឌលកំសាន្តនានា នៅតាមបណ្តោយព្រំដែន ។
លោកអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរស្រុក ត្រូវពង្រឹងការអនុវត្តវិធានការរដ្ឋបាលចំហរ ត្រូវណែនាំដល់ផ្ទះសំណាក់ មជ្ឈមណ្ឌលកំសាន្តនានា អោយចូលរួមផ្តល់ ព័ត៌មានដល់សមត្ថកិច្ចដែលសង្ស័យថាមានបើកទីតាំងOnline Scams និងការបើកលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ។
សូមជម្រាបថា , សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ៗថា សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់កម្ពុជានៅតែបន្តសកម្មភាពបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) មិនឱ្យមានឡើងវិញឡើយ។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ការឆបោកតាមប្រព័ន្ធអនឡាញនៅតែបន្តបង្ក្រាបដោយគ្មានការដកដៃឡើយ ដើម្បីសុខសុវត្ថិភាពកម្ពុជាទាំងមូល ។
“Scam Online យើងនៅបន្តវៃរហូត មិនឱ្យងើបឡើងវិញទេ ដោយការអនុវត្តច្បាប់របស់កម្ពុជា ។ សម្តេចបញ្ជាក់ថា , នៅថ្ងៃ២០ ជាងនេះ យើងធ្វើសន្និសីទអន្តរជាតិមួយ ។ ជាមោទនភាពយើងខ្លាំងណាស់ ដែលក្នុងរយៈពេលតែប៉ុន្មានខែ ប្រែក្លាយពីប្រទេសមួយ ដែលគេចោទប្រកាន់ សារព័ត៌មានគ្រប់ទាំងអស់ដែលគេវៃរឿងស្កេម យកយើងជាជនបាវសាក់សម្រាប់ជំនួសឱ្យប្រទេសផ្សេងដែលមាន គេអត់វៃប្រទេសផ្សេង ប្រទេសផ្សេងក៏មានដែរ សូម្បីប្រទេសជេរយើងរាល់ថ្ងៃក៏មានស្កេមពេញហ្នឹង” ។
សម្តេចធិបតីមានប្រសាសន៍បន្ថែមថា មនុស្សភាគច្រើនឆ្លងដែនខុសច្បាប់ចូលមកក្នុងដែនដីកម្ពុជាបន្តទៅមីយ៉ាន់ម៉ា គឺចេញមកពីប្រទេសដែលរិះគន់កម្ពុជារឿង Scam Online ។
សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ដោយមោទនភាពទៀតថា កម្ពុជាធ្លាប់តែជាប្រទេសដែលមានប្រទេសជាច្រើនលើពិភពលោករិះគន់ប្រមាថ រឿង Scam Online នោះ បានប្រែក្លាយទៅជាប្រទេសដែលគេកោតសរសើរស្ទើពាសពេញពិភពលោក លើការបង្ក្រាបបទល្មើសអនឡាញទទួលបានលទ្ធផលល្អ ៕
ដោយ ៖ សិលា










