សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ ទីក្រុងប៉េកាំងបានបញ្ជាក់ជាផ្លូវការថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ ដើម្បីបើកកិច្ចពិភាក្សាកំពូលជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិន បានឱ្យដឹងថា លោក ស៉ី នឹងស្នាក់នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រ។ នាថ្ងៃចន្ទនេះ ក្រសួងការបរទេសចិនបាននិយាយថា ទីក្រុងប៉េកាំងមានឆន្ទៈធ្វើការជាមួយអាមេរិក ដើម្បីកសាងស្ថិរភាពយុទ្ធសាស្ត្រ និងគ្រប់គ្រងភាពខ្វែងគំនិតគ្នា។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយដូច្នេះថា «ទីក្រុងប៉េកាំងនឹងធ្វើការជាមួយអាមេរិក ដើម្បីពង្រឹងទំនាក់ទំនង ដែលផ្អែកលើស្ថិរភាពយុទ្ធសាស្ត្រប្រកបដោយភាពស្ថាបនា រវាងចិននិងអាមេរិក ហើយពង្រឹងកិច្ចសន្ទនាក៏ដូចជាកិច្ចសហប្រតិបត្តិការ ព្រមទាំងគ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ»។
ទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានបញ្ជាក់រួចមកហើយថា មេដឹកនាំនៃមហាអំណាចដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក នឹងជួបគ្នានៅសប្តាហ៍នេះ ក្នុងអ្វីដែលគេរំពឹងថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងជុំវិញរឿងពាណិជ្ជកម្ម បច្ចេកវិទ្យា និងបញ្ហាយុទ្ធសាស្ត្រដទៃទៀត។
បើតាមមន្រ្តីអាមេរិកមួយរូបបានបញ្ជាក់ថា លោក ត្រាំ នឹងអញ្ជើញទៅទទួលលោក ស៉ី ដោយផ្ទាល់នៅឯមូលដ្ឋានទ័ពអាកាស Andrews នៅថ្ងៃពុធ មុនពេលមេដឹកនាំទាំងពីរបើកកិច្ចពិភាក្សាជាផ្លូវការ នៅថ្ងៃបន្ទាប់។ កាលពីខែឧសភា នៅពេលលោក ត្រាំ ទៅដល់ទីក្រុងប៉េកាំង សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ រូបលោកត្រូវបានទទួលស្វាគមន៍ ដោយអនុប្រធានាធិបតីចិន៕ ដោយធីរីណា

រូបថត:TTXVN









