ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយប្រើចំពាមកៅស៊ូបាញ់ជនរងគ្រោះ បណ្តាលឱ្យរងរបួសស្រាល និងប្លន់យកម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ដោយប្រើចំពាមកៅស៊ូបាញ់ជនរងគ្រោះ បណ្តាលឱ្យរងរបួសស្រាល រួចប្លន់យកម៉ូតូ។

 

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៣:៥០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ២១៧ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

តាមសមត្ថកិច្ច ជនរងគ្រោះមានចំនួន ២នាក់ គឺ៖

 

ទី១. ឈ្មោះ ពុំ ចាន់នុត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករឃ្លាំងការ៉ូ និងជាម្ចាស់ម៉ូតូ។

 

ទី២. ឈ្មោះ ម៉ូវ គីនីន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកម្មករឃ្លាំងការ៉ូ ជាអ្នកជិះម៉ូតូ និងជាអ្នករងរបួសដោយផ្ទាល់។

 

ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនចំនួន ៣នាក់ រួមមាន៖

 

១. ឈ្មោះ ចន្ទី សុជាតិ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន ស្នាក់នៅបន្ទប់ជួល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

 

២. ឈ្មោះ ឃីម រាក់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

៣. ឈ្មោះ ប៉ាត សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

តាមការបញ្ជាក់របស់សមត្ថកិច្ច នៅវេលាម៉ោងប្រមាណ ០០:៣០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ជនរងគ្រោះឈ្មោះ ពុំ ចាន់នុត កំពុងធ្វើការនៅឃ្លាំងការ៉ូ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ពេលនោះ ឈ្មោះ ម៉ូវ គីនីន ដែលជាកម្មករធ្វើការជាមួយគ្នា បានសុំខ្ចីម៉ូតូរបស់ខ្លួនចំនួន ១គ្រឿង ម៉ាក Honda Scoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LW-0886 ដើម្បីជិះ ហើយម្ចាស់ម៉ូតូបានប្រគល់ឱ្យ។

 

លុះដល់វេលាម៉ោងប្រមាណ ៣:៥០នាទីទៀបភ្លឺ ម៉ូវ គីនីន ត្រូវបានក្រុមជនសង្ស័យជិះម៉ូតូដេញតាម។ តាមការរាយការណ៍ ក្រុមនោះមានគ្នាប្រមាណ ២០នាក់ ជិះម៉ូតូប្រមាណ ១០គ្រឿង ហើយបានប្រើចំពាមកៅស៊ូបាញ់ត្រូវខ្នងផ្នែកខាងស្តាំ បណ្តាលឱ្យដួលម៉ូតូ។ បន្ទាប់មក ក្រុមជនសង្ស័យបានយកម៉ូតូជិះគេចខ្លួន។

 

ក្រោយកើតហេតុ ជនរងគ្រោះបានរងរបួសនៅខ្នងផ្នែកខាងស្តាំ និងមានស្នាមដាច់រលាត់នៅប្រអប់ដៃខាងឆ្វេង។ បន្ទាប់មក ជនរងគ្រោះទាំងពីរបានទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីរាយការណ៍ និងដាក់ពាក្យបណ្តឹង ស្នើសុំឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ។

 

រហូតដល់វេលាម៉ោង ១១:៣០នាទី ថ្ងៃដដែល កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ នៅចំណុចបឹងឈូក ផ្លូវលំ ស្ថិតក្នុងភូមិគកក្របី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

 

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ម៉ូតូ Honda Scoopy ចំនួន ១គ្រឿង ដែលជាម៉ូតូរបស់ជនរងគ្រោះ, ម៉ូតូ Honda Dream C125 ចំនួន ១គ្រឿង, កាំបិតបុ័ងតោ ១ និងទូរសព្ទដៃម៉ាក iPhone ចំនួន ២គ្រឿង។

 

តាមការបញ្ជាក់របស់សមត្ថកិច្ច ក្រោយការសាកសួរ ជនសង្ស័យទាំង ៣នាក់បានឆ្លើយសារភាពថា ពួកខ្លួន និងបក្ខពួកពិតជាបានចូលរួមធ្វើសកម្មភាពប្រើចំពាមកៅស៊ូបាញ់ទៅលើ ម៉ូវ គីនីន បណ្តាលឱ្យដួល រួចយកម៉ូតូរបស់ជនរងគ្រោះ។

...

 

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនបក្ខពួកដែលនៅសល់យកមកអនុវត្តតាមផ្លូវច្បាប់៕ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print