ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ អ៊ីរ៉ង់ Sardar Azmoun បាននិយាយថា លោកមិនមានការខឹងសម្បារ ឬកាន់គំនុំចំពោះការមិនត្រូវបានដាក់ឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិទៅចូលរួម World Cup ឡើយ ហើយការត្រូវបានកោះហៅត្រឡប់ចូលក្រុមជម្រើសជាតិវិញកាលពីថ្ងៃចន្ទ បានធ្វើឱ្យលោកមានអារម្មណ៍រីករាយដូចកាលពីការត្រូវបានកោះហៅជាលើកដំបូង។
Azmoun គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេលំដាប់ទី២ ក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិអ៊ីរ៉ង់ ដោយរកបាន ៥៧គ្រាប់ក្នុង ៩១ប្រកួត។ ប៉ុន្តែគាត់មិនត្រូវបានដាក់ឈ្មោះក្នុងក្រុមអ៊ីរ៉ង់សម្រាប់ World Cup នៅអាមេរិកខាងជើងឡើយ ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បានរាយការណ៍ថា គាត់មានរបួស។
ទោះជាយ៉ាងណា សារព័ត៌មានផ្សេងទៀតបានរាយការណ៍ថា Azmoun បានធ្វើឱ្យអ្នកគាំទ្ររដ្ឋាភិបាលមួយចំនួនមិនពេញចិត្ត បន្ទាប់ពីគាត់បានបង្ហោះរូបភាពជួបជាមួយ Mohammed bin Rashid Al Maktoum ដែលជាអ្នកគ្រប់គ្រងទីក្រុងឌូបៃ មិនយូរប៉ុន្មានបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់។
កាលពីថ្ងៃចន្ទ Azmoun ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ សម្រាប់ការប្រកួតមិត្តភាពទល់នឹង អ៊ូសបេគីស្ថាន និងរុស្ស៊ី ដែលជាផ្នែកមួយនៃការត្រៀមខ្លួនរបស់អ៊ីរ៉ង់សម្រាប់ Asian Cup ឆ្នាំក្រោយនៅប្រទេសអារ៉ាប៊ីសាអូឌីត។
សហព័ន្ធបាល់ទាត់អ៊ីរ៉ង់ក៏បានបង្ហោះរូបភាព Azmoun ញញឹមក្នុងអំឡុងពេលជួបជាមួយប្រធានសហព័ន្ធ Mehdi Taj ផងដែរ។
Azmoun វ័យ ៣១ឆ្នាំ បានសរសេរនៅលើបណ្តាញសង្គមថា៖ «ចាប់ពីឆ្នាំ២០១៤ រហូតមកដល់ថ្ងៃនេះ ខ្ញុំបានឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយអាវក្រុមជម្រើសជាតិនេះ។ ខ្ញុំបានចូលមក ខ្ញុំបានចាកចេញ ខ្ញុំត្រូវបានដកចេញ ហើយខ្ញុំបានត្រឡប់មកវិញ។»
«ប្រហែលជាបន្ទាប់ពីប៉ុន្មានឆ្នាំ និងការប្រកួតជាច្រើន ការត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ គួរតែក្លាយជារឿងធម្មតាសម្រាប់ខ្ញុំ។ ប៉ុន្តែវាមិនមែនទេ។ ថ្ងៃនេះ នៅពេលខ្ញុំដឹងថាខ្ញុំត្រូវបានកោះហៅម្តងទៀត សេចក្តីរីករាយរបស់ខ្ញុំគឺដូចគ្នាទៅនឹងពេលដែលខ្ញុំត្រូវបានកោះហៅជាលើកដំបូង។»
ក្រុមជម្រើសជាតិអ៊ីរ៉ង់ត្រូវបានជម្រុះចេញពី World Cup នៅវគ្គចែកពូល បន្ទាប់ពីលេងស្មើទាំង ៣ប្រកួតរបស់ខ្លួន។
Azmoun ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិប Shabab Al-Ahli នៅអារ៉ាប់រួម បាននិយាយថា លោកមិនមានការអាក់អន់ចិត្តចំពោះអ្នកណាម្នាក់ដែលមិនបានដាក់ឈ្មោះលោកក្នុងក្រុមទៅ World Cup ឡើយ។
លោកបានបន្ថែមថា៖ «ខ្ញុំមិនខឹងនឹងអ្នកណាម្នាក់ឡើយ ហើយខ្ញុំក៏មិនមានអ្វីដែលត្រូវបង្ហាញ ឬបញ្ជាក់ដល់អ្នកណាម្នាក់ដែរ។ ខ្ញុំគ្រាន់តែសប្បាយចិត្តដែលមានឱកាសម្តងទៀត។ ឱកាសដើម្បីប្រយុទ្ធដោយអស់ពីបេះដូង សម្រាប់ប្រទេសដែលខ្ញុំស្រឡាញ់។»
នៅ Asian Cup នៅប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ស្ថិតនៅ ពូល C ជាមួយ ស៊ីរី, កៀហ្ស៊ីស៊ីស្ថាន និងចិន។ ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី ៧ ខែមករា៕










