ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១០:៥២នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មេីសកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វេីការបង្រ្កាបករណីគ្រឿងញៀន១ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ស្ថិតនៅភូមិព្រៃសូភី ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ សំ ភារុន អាយុ២១ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិព្រៃសូភី ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាងបានរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់ទម្ងន់ (០.៣៥ក្រាម), ទូរស័ព្ទចំនួន០១គ្រឿង, ជញ្ជីងថ្លឹងចំនួន០១គ្រឿងនិងថង់ច្រកគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕










