ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតព្រីតថេនប្រចាំកម្ពុជា បានសរសេរលើបណ្តាញសង្គមការងារផ្លូវការនាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះថា បណ្តាញឧក្រិដ្ឋជនគ្មានព្រំដែនទេ។ ដូច្នេះកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងពួកគេ ក៏ត្រូវតែគ្មានព្រំដែនដូចគ្នា។
ស្ថានទូតព្រីតថេនប្រចាំកម្ពុជា បានបញ្ជាក់ថា នៅសប្ដាហ៍នេះ លោក Lord Hanson រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ព្រីតថេន មកកាន់ប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែន។ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់កម្ពុជា Lord Hanson នឹងចូលរួមជាមួយដៃគូអន្តរជាតិនានា ក្នុងសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ថ្មីរវាងព្រីតថេន និងកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រឈមមុខនឹងការគំរាមកំហែងសកលដែលកំពុងកើនឡើងនេះ។
លោកក៏នឹងជួបពិភាក្សាជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកសារព័ត៌មាន ដើម្បីស្វែងយល់បន្ថែមអំពីការវិវត្តនៃបញ្ហានេះនៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាពិតជាមានសារៈសំខាន់។
តាមស្ថានទូតព្រីតថេនប្រចាំកម្ពុជា បានបន្តថា តាមរយៈការប្រមូលផ្ដុំដៃគូអន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការ កម្ពុជាកំពុងរួមចំណែកដោះស្រាយបញ្ហាឧក្រិដ្ឋកម្មដែលកំពុងរីកលូតលាស់លឿនបំផុតមួយនៅលើពិភពលោក។
ស្ថានទូតព្រីតថេនប្រចាំកម្ពុជា បានរំលេចថា ការរួមគ្នាពីសំណាក់ព្រីតថេន និងកម្ពុជា អាចរំខានដំណើរការ និងបង្ក្រាបបណ្ដាញឧក្រិដ្ឋជន ការពារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ៕ដោយ៖តារា










