សារព័ត៌មាន Reuters បានផ្សាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើប្រាស់សុន្ទរកថារបស់លោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីការពារការសម្រេចចិត្តរបស់លោកធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ជាមួយការអះអាងថារូបលោកបានរារាំងមិនឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ និងព្រមានថាលោកអាចកម្ទេចអ៉ីរ៉ង់ ប្រសិនបើតេហេរ៉ង់មិនព្រមចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដើម្បីបិទបញ្ចប់សង្រ្គាមទេនោះ។
ជាមួយការព្យាករថារដ្ឋបាលរបស់លោកអាចនឹងចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីរ៉ង់ នៅបន្ទាប់ពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ លោក ត្រាំបានអំពាវនាវឱ្យបណ្ដាប្រទេសដទៃចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចសំដៅបង្ខំឱ្យអ៉ីរ៉ង់ត្រឡប់មករកតុចរចា។ «ខ្ញុំមានការសម្រេចចិត្តដ៏ធំមួយដែលនឹងត្រូវធ្វើ។ ថាតើនឹងមានកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ដែលនឹងអនុញ្ញាតឱ្យពួកគេកសាងប្រទេសឡើងវិញ និងបង្កើតជាប្រទេសដ៏អស្ចារ្យមួយដែលពួកគេមិនធ្លាប់មាន ឬក៏ខ្ញុំត្រូវកម្ទេចសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ ហើយធ្វើវាឱ្យបានលឿនបំផុត ដោយមិនទុកឱកាសឱ្យពួកគេសម្លាប់ និងបំផ្លាញប្រជាជនខ្លួនឯង និងបណ្ដាប្រទេសដទៃសាជាថ្មី»? នេះជាការលើកឡើងរបស់លោក ត្រាំ។
តែយ៉ាងណាណា មួយសន្ទុះក្រោយមក លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯអង្គការសហប្រជាជាតិថាក្រុមមន្ត្រីអាមេរិកមានកិច្ចសន្ទនាដ៏ល្អមានរយៈពេល ៣ម៉ោងកាលពីថ្ងៃអង្គារ ជាមួយគណៈប្រតិភូអ៉ីរ៉ង់។
ចាប់តាំងពីត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី២ កាលពីខែឆ្នាំ២០២៥មក លោក ត្រាំ បានធ្វើឱ្យពិភពលោករំជើបរំជួលភ្ញាក់ផ្អើលស្រឡាំងកាំងជាច្រើនដង ក្នុងនោះរួមមានទាំងការរួមដៃគ្នាជាមួយអ៉ីស្រាអែលវាយប្រហារលើអ៉ីរ៉ង់ បញ្ជាឱ្យ កុម្ម៉ង់ដូរអាមេរិកចូលចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា និងគំរាមកាន់កាន់ដែនដី Greenland។ នៅក្នុងសុន្ទករថាមានរយៈពេល ៣៧នាទីរបស់លោក ត្រាំ ដែលធ្វើឡើងនៅមុនរូបលោកត្រូវជួបជាមួយបណ្ដាមេដឹកនាំជាច្រើនដូចជាមេដឹកនាំមកពីព្រីតថេន អ៊ុយក្រែន និងជប៉ុនជាដើម លោក ត្រាំ ក៏បានបង្ហាញផងដែរពីចក្ខុវិស័យនៃនយោបាយការបរទេសរបស់លោក ដោយបញ្ជាក់ថាសង្រ្គាមជាមួយអ៉ីរ៉ង់បានការការពារពិភពលោកពីការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ ខណៈអះអាងថាការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកតំបន់អាមេរិក គឺពិតជាមានសារៈសំខាន់ដើម្បីបង្ការកុំឱ្យវិបត្តិនានាវិវត្តទៅកាន់តែធ្ងន់ធ្ងរ។
ក្នុងន័យនេះលោក ត្រាំ បាននិយាយថាសកម្មភាពរបស់សហរដ្ឋអាមេរិកនៅវ៉េណេស៊ុយអេឡាគឺជាភស្តុតាងមួយបង្ហាញថាសហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យការគំរាមកំហែងចំពោះតំបន់អាមេរិក ទៀតនោះទេ ដើម្បីពង្រីកឥទ្ធិពលសហរដ្ឋអាមេរិកនៅគ្រប់ទីកន្លែងក្នុងតំបន់អាមេរិក៕

រូបថត: AFP









