ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅវេលាម៉ោងប្រមាណ ៤:០០ នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅ ត្រង់ចំណុចភូមិឌួង ជាប់ព្រំប្រទល់ភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រវាងរថយន្តធុនធំ (វេអង់) និងរថយន្តដឹកខ្សាច់ បណ្តាលឱ្យអ្នក បើកបររថយន្តដឹកខ្សាច់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តទាំងពីរគ្រឿងមានជម្លោះពាក្យសម្តី និងបានបើកបរដេញវ៉ាជែងគ្នាតាមដងផ្លូវ។
ប្រភពដដែលបានបន្តថា លុះមកដល់ចំណុចកើតហេតុ រថយន្តធុនធំ (វេអង់) បានបើកវ៉ាជែងផុត រួចក៏បានជាន់ហ្វ្រាំងឈប់យ៉ាងទាន់ហន់នៅខាងមុខ។ ស្ថានភាពនេះបានធ្វើឱ្យរថយន្តដឹកខ្សាច់ដែលកំពុងបើកបរតាមពីក្រោយយ៉ាងកៀក មិនអាចចាប់ហ្វ្រាំងទាន់ ក៏បានជ្រុលទៅបុកគូថរថយន្តធំពេញទំហឹង។
ការបុកទង្គិចយ៉ាងធ្ងន់ធ្ងរនេះ បានបណ្តាលឱ្យផ្នែកខាងមុខនៃរថយន្តដឹកខ្សាច់ខូចខាតខ្ទេចខ្ទីយ៉ាងខ្លាំង ហើយអ្នកបើកបររថយន្តដឹកខ្សាច់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ដោយសារការកៀបជាប់នៅក្នុង Cabin រថយន្ត។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការវាស់វែង អន្តរាគមន៍សម្រួលចរាចរណ៍ និងស្រាវជ្រាវប្រមូលភស្តុតាង ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ៕
ដោយ៖ សុរិយា










