ព្រះសីហនុ៖ ក្រោមការដឹកនាំចង្អុលបង្ហាញពី នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ។
កាលពីវេលាម៉ោង២០:៣០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ចំនួន ១២នាក់ ដឹកនាំដោយ លោកវរសេនីយ៍ ឯក សុង កុសល មេបញ្ជាការរង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ និងត្រួតពិនិត្យឆែកឆេររកឃើញ ជនជាតិឥណ្ឌូណេស៊ី ចំនួន ១២នាក់ (ស្រី ០៣នាក់)។
ចាប់ដកហូតវត្ថុតាងរួមមាន៖
-កំព្យូទ័រលើតុ (ALL IN ONE) ចំនួន ១៣គ្រឿង ទូរសព្ទដៃផ្ទាល់ខ្លួន ចំនួន ១៩គ្រឿង ទូរសព្ទដៃ Online ចំនួន ២៨គ្រឿង សុីមកាត ចំនួន ៥២សន្លឹក លិខិតឆ្លងដែន ចំនួន ០៨ក្បាល បណ្ណ័ការងារ ចំនួន ០២សន្លឹក
-អត្តសញ្ញាណប័ណ្ណ ចំនួន ០២សន្លឹក កាតធនាគារ ចំនួន ០២សន្លឹក។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីសាកសួរបន្តនីតិវិធីច្បាប់ ៕










