ខេត្តបាត់ដំបង៖ ក្រសួងជំនាញ សហការជាមួយអាជ្ញាធរខេត្តបាត់ដំបង និងក្រុមហ៊ុនដឹកជញ្ជូន បាននិងកំពុងចាត់វិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការសាយភាយសំណល់ប្រេង និងស្តារបរិស្ថានឡើងវិញ ក្រោយករណីរថភ្លើងដឹកប្រេងក្រឡាប់ធ្លាក់ផ្លូវ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងភូមិអណ្តូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង។
គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារបានណែនាំឱ្យមានការរៀបចំទំនប់ដីបន្ថែមនៅតាមដីចំណីផ្លូវរថភ្លើង ដើម្បីការពារនៅពេលមានភ្លៀងធ្លាក់ខ្លាំង និងទប់ស្កាត់ការហូរសំណល់ប្រេងចូលទៅក្នុងស្រែក្បែរទីតាំងឧបទ្ទវហេតុ។
ជាមួយគ្នានេះ ក្រុមការងារបានបន្តសហការជាមួយក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ដើម្បីបិទបណ្តោះអាសន្ននូវមុខលូប្រឡាយចំនួន ៤ទីតាំង ដែលខ័ណ្ឌដោយក្តារបន្ទះ ដើម្បីទប់ស្កាត់សំណល់ប្រេងមិនឱ្យហូរទៅទីតាំងផ្សេងទៀត។
អាជ្ញាធរក៏បានបន្តដាក់ខ្សែពទ្ធ័ជុំវិញទីតាំងកើតហេតុ និងដាក់ស្លាកសញ្ញានៅតាមទីតាំងរណ្តៅ ដែលបានជីកសម្រាប់ប្រមូលសំណល់ប្រេង ដើម្បីការពារសុវត្ថិភាពសាធារណៈ។ ចំពោះវិធានការចាំបាច់ ក្រុមហ៊ុនបានប្រមូលទុកដាក់ និងដឹកជញ្ជូនសំណល់រុក្ខជាតិដែលប្រឡាក់ប្រេង រួមទាំងចំបើងដែលប្រើប្រាស់ក្នុងការសម្អាតប្រេង ទៅដុតកម្ទេចចោលនៅរោងចក្រផលិតស៊ីម៉ងតិ៍របស់ក្រុមហ៊ុន នៅខេត្តកំពត។
ទន្ទឹមនឹងនេះ ក្រុមការងារបានស្នើដល់អាជ្ញាធរបន្តអប់រំប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងឧបទ្ទវហេតុ កុំឱ្យប៉ះពាល់ជាមួយសំណល់ប្រេង និងមានការថែទាំសុខភាពឱ្យបានល្អ។
ដោយសារមានភ្លៀងធ្លាក់ បានធ្វើឱ្យសំណល់ប្រេងដែលបានហៀរចូលកប់ក្នុងដី អាចអណ្តែតឡើង និងបង្កឱ្យមានក្លិនខ្លាំងផងដែរ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង និងស្តារបរិស្ថាន៕
ដោយ៖តារា










