ខេត្តស្វាយរៀង៖ កម្លាំងចម្រុះខេត្តស្វាយរៀង ចុះធ្វើរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត រកឃើញ ជនសង្ស័យ ជនបរទេស ២០នាក់ និងវត្ថុតាង មួយចំនួនធំ។
សមត្ថកិច្ចនគរបាលបានអោយដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ម៉ែន អេង អភិបាលរងខេត្ត ដោយទទួលបានការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះអនុវត្តវិធានការរដ្ឋបាលចំហ និងបន្តស្រាវជ្រាវបង្ក្រាបទីតាំងសង្ស័យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ស្ថិតនៅចំណុចទីតាំងផ្ទះល្វែង និងបុរីសម្រាប់ជួល (សរុបមានចំនួន ៣២ផ្ទះល្វែង) ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទីតាំងខាងលើនេះ មានតំណាងម្ចាស់ឈ្មោះ SHEN CHAOLIN ភេទប្រុស ជនជាតិចិន។
ប្រតិបត្តិការនេះ ក៏មានការចូលរួមសហការពីលោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត ព្រមទាំងកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងកម្លាំងជំនាញបង្ការបង្ក្រាបបទល្មើសពាក់ព័ន្ធជាច្រើនរូប។
លទ្ធផលនៃការចុះអនុវត្តការងាររដ្ឋបាលចំហចំនួន ០៤ទីតាំង រួមមាន៖
ក្រុមការងារបានពិនិត្យឃើញជនបរទេសស្នាក់នៅសរុបចំនួន ៣៥នាក់ (ស្រី ០៤នាក់) មាន ០៣សញ្ជាតិ (វៀតណាម ៩នាក់ ស្រី ១នាក់ មានលិខិតឆ្លងដែន ៥ក្បាល, ចិន ៣៣នាក់ ស្រី ១នាក់ មានលិខិតឆ្លងដែន ៥ក្បាល និងមីយ៉ាន់ម៉ា ស្រី ១នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ)។ ក្នុងនោះ៖
-ទីតាំងទី១ (ផ្ទះល្វែងលេខ ១-០៣)៖ មានជនបរទេស ០៤នាក់ (ស្រី ១នាក់) រួមមាន ជនជាតិចិន ០៣នាក់ (ប្រុស) និងវៀតណាម ០១នាក់ (ស្រី) មានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scams ឡើយ។
-ទីតាំងទី២ (ផ្ទះល្វែងលេខ ៣-០២)៖ មានជនជាតិចិនចំនួន ១០នាក់ (ប្រុស) មានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំពាក់ព័ន្ធនឹងបទល្មើស Online Scams។
-ទីតាំងទី៣ (ផ្ទះល្វែងលេខ ៣-០៨)៖ មានជនបរទេស ០៤នាក់ (ស្រី ១នាក់) រួមមាន ចិន ០៣នាក់ (ប្រុស) និងមីយ៉ាន់ម៉ា ០១នាក់ (ស្រី) មានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំពាក់ព័ន្ធនឹងបទល្មើស Online Scams។
-ទីតាំងទី៤ (ផ្ទះល្វែងលេខ ២-០៧)៖ មានជនបរទេស ០៧នាក់ (ស្រី ១នាក់) រួមមាន វៀតណាម ០១នាក់ (ប្រុស) និងចិន ០៦នាក់ (ស្រី ១នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំពាក់ព័ន្ធនឹងបទល្មើស Online Scams ឡើយ។
លទ្ធផលនៃការឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែងទីតាំងសង្ស័យជាប់ពាក់ព័ន្ធនឹង ONLINE SCAMS ចំនួន ០៥ទីតាំង៖
កម្លាំងសមត្ថកិច្ចបានរកឃើញជនបរទេសចំនួន ២០នាក់ (ស្រី ០១នាក់) មាន ០២សញ្ជាតិ ព្រមទាំងដកហូតសម្ភារ និងឧបករណ៍អេឡិចត្រូនិចជាច្រើន រួមមាន៖
១. ផ្ទះល្វែងលេខ ៥-០២៖ រកឃើញជនជាតិវៀតណាមចំនួន ០៩នាក់ (ស្រី ០១នាក់ មានលិខិតឆ្លងដែន ០៥ក្បាល), កុំព្យូទ័រ All-in-One ចំនួន ១៣គ្រឿង, ទូរស័ព្ទចម្រុះ ០៥គ្រឿង, ទូរស័ព្ទផ្ទាល់ខ្លួន ០៧គ្រឿង, ដុំ Wi-Fi ០១គ្រឿង និងរថយន្ត ០១គ្រឿង ម៉ាក Lexus CT200 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BR-3799។
២. ផ្ទះល្វែងលេខ ៥-០៣៖ រកឃើញជនជាតិចិនចំនួន ០៤នាក់ (ប្រុស គ្មានលិខិតឆ្លងដែន), កុំព្យូទ័រយួរដៃ (Laptop) ចំនួន ០៩គ្រឿង, ទូរស័ព្ទដៃចម្រុះ ២៧គ្រឿង, ទូរស័ព្ទផ្ទាល់ខ្លួន ០៦គ្រឿង និងដុំ Wi-Fi ០១គ្រឿង។
៣. ផ្ទះល្វែងលេខ ៥-០៨៖ រកឃើញជនជាតិចិនចំនួន ០៤នាក់ (ប្រុស មានលិខិតឆ្លងដែន ០៤ក្បាល), កុំព្យូទ័រយួរដៃ ១២គ្រឿង, ទូរស័ព្ទដៃចម្រុះ ៥៣គ្រឿង, ទូរស័ព្ទផ្ទាល់ខ្លួន ០៤គ្រឿង និងដុំ Wi-Fi ០១គ្រឿង។
៤. ផ្ទះល្វែងលេខ ១-០៦៖ គ្មានមនុស្សស្នាក់នៅទេ ប៉ុន្តែបានរកឃើញម៉ូនីទ័រចំនួន ០២គ្រឿង, សំបកធុង CPU ចំនួន ០២គ្រឿង, កុំព្យូទ័រយួរដៃ ១៤គ្រឿង និងទូរស័ព្ទដៃចម្រុះចំនួន ៦៦គ្រឿង។
៥. ផ្ទះល្វែងលេខ ៣-០១៖ រកឃើញជនជាតិចិនចំនួន ០៣នាក់ (ប្រុស មានលិខិតឆ្លងដែន ០២ក្បាល), កុំព្យូទ័រយួរដៃ ០៣គ្រឿង, ទូរស័ព្ទដៃចម្រុះ ០៤គ្រឿង, ទូរស័ព្ទផ្ទាល់ខ្លួន ០៥គ្រឿង និងដុំ Wi-Fi ចំនួន ០៦គ្រឿង។
ក្រោយការត្រួតពិនិត្យលើសម្ភារ និងឧបករណ៍អេឡិចត្រូនិចទាំងអស់ខាងលើ សមត្ថកិច្ចជំនាញបានរកឃើញតម្រុយ និងភស្តុតាងមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
បច្ចុប្បន្ន ក្រុមការងារបានសម្រេចប្រគល់មនុស្ស និងវត្ថុតាងពាក់ព័ន្ធទាំងអស់ ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីច្បាប់ ព្រមទាំងបានសម្រេចបិទទីតាំងផ្ទះល្វែងសង្ស័យទាំងនោះជាបណ្តោះអាសន្នផងដែរ៕
ដោយ៖ សុថាន










