ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងហាងកាហ្វេមួយចំនួន ដែលត្រូវបានសង្ស័យថា លួចបង្កប់សេវាផ្លូវភេទខុសច្បាប់ និងបានឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួន។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោងប្រមាណ ១១:៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ៥៩៨ ត្រង់ចំណុចផ្លូវរថភ្លើង ត្រឡោកបែក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកម្លាំងអាវុធហត្ថ បានឱ្យដឹងថា ទីតាំងខាងលើធ្លាប់ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិកជន ចុះបង្ក្រាបម្តងរួចមកហើយ។ ក្រោយមក ទីតាំងនេះបានបើកដំណើរការឡើងវិញ។
បន្ទាប់ពីនោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះណែនាំ និងអប់រំម្ចាស់ទីតាំងម្តងទៀត ដោយមិនអនុញ្ញាតឱ្យបន្តសកម្មភាពខុសច្បាប់។ ទោះជាយ៉ាងណា តាមការបញ្ជាក់របស់សមត្ថកិច្ច ទីតាំងនេះនៅតែបន្តបើកដំណើរការ និងសង្ស័យថាបម្រើសេវាផ្លូវភេទខុសច្បាប់។
លុះដល់យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ព្រមទាំងប្រមូលវត្ថុតាងមួយចំនួន។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនអ្នកពាក់ព័ន្ធ និងវត្ថុតាងទៅកាន់មូលដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់។
ចំពោះទីតាំងខាងលើ ត្រូវបានកម្លាំងអាវុធហត្ថបិទជាស្ថាពរ និងមិនអនុញ្ញាតឱ្យបន្តបើកដំណើរការឡើងវិញឡើយ៕
ដោយ ៖ ភារ៉ា ដង្កោ










