ភ្នំពេញ៖ នារីម្នាក់ជានិស្សិតនៃសាកលវិទ្យាល័យន័រតុន ត្រូវជនសង្ស័យមួយក្រុមប្លន់យកម៉ូតូទៅបាត់ ខណៈដែលនាងធ្វើ ដំណើរមកពីដើរលេងរួចវិលត្រឡប់ទៅផ្ទះវិញ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ប៊ុន រតនា អាយុ២១ ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកម៉ូតូជនរងគ្រោះដែលបាត់នោះម៉ាក Zoomer-X ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FO-3927 ។ រីឯជនសង្ស័យមួយក្រុមមានគ្នាពីរនាក់ជិះម៉ូតូមួយ គ្រឿងម៉ាកDuke ពណ៌សលាយលឿង មិនចាំស្លាកលេខ ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យ ដឹង ថានៅមុនពេលកើតហេតុរូបនាងបានសុំពូមីងដែលខ្លួនស្នាក់នៅជាមួយទៅដើរ លេងជាមួយមិត្តភក្តិនូវផ្សារទំនើប អ៊ីអន នៅជិតម្ដុំបូឌិញ ដើម្បីទិញសម្ភារសិក្សា និងរបស់របរហូប ។ បន្ទាប់មកនៅម៉ោង ប្រហែល៨យប់ថ្ងៃខែដដែលខ្លួនបានលាជាមួយមិត្តភក្តិវិលត្រឡប់ទៅផ្ទះ វិញដោយជិះម៉ូតូមួយគ្រឿងម្នាក់ឯង ខណៈដែល ធ្វើដំណើរតាមផ្លូវក៏ឃើញមានជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងតាមពីក្រោយ ។ លុះមកដល់ចំណុចកើតហេតុរូបនាងបានចុះពីលើម៉ូតូដើម្បីចាក់សោចូលផ្ទះស្រាប់តែជនសង្ស័យម្នាក់ចុះពីលើម៉ូតូដូចគ្នាដកកាំភ្លើងខ្លីពីចង្កេះភ្ជង់គំរាមរកបាញ់ យកម៉ូតូខ្លួនទៅបាត់ ។
នៅពេលនោះទោះបីជារូបនាងខំស្រែកហៅឲ្យគេជួយយ៉ាងណាក៏ដោយក៏គ្មាននរណាជួយទាន់ពេលវេលាបានដែរ ។ ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានកម្លាំងនគរបាលខណ្ឌសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌធ្វើការតាមដានស្រាវជ្រាវភ្លាមៗផងដែរ ។ ប៉ុន្ដែសំណាងអាក្រក់ជនសង្ស័យជិះម៉ូតូពួនអាត្មានៅទីណានោះទេ ។
បច្ចុប្ប្នន្ន ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់កាកាប ដើម្បីកសាងសំណុំរឿង និងស្វែងរកមុខសញ្ញាតាមចាប់យកមកផ្ដន្ទាទោសដាក់ពន្ធនាគារទៅតាមច្បាប់ ៕
ដោយ៖ សុខា សែនជ័យ