យោងតាមReuters នៅថ្ងៃទី២៧ ខែកញ្ញា បានអោយដឹងថា
មនុស្ស៦នាក់បានស្លាប់ បន្ទាប់ពីអគារលំនៅដ្ឋានពីរជាន់មួយនៅក្នុងតំបន់ទេសចរណ៍មួយក្នុងទីក្រុងអាថែនកណ្តាលប្រទេសក្រិកបានដួលរលំ នេះបើយោងតាមការឲ្យដឹងពីក្រុមពន្លត់អគ្គីភ័យក្រិកកាលពីថ្ងៃសៅរ៍ បន្ទាប់ពីការផ្ទុះមួយដែលអភិបាលក្រុងបាននិយាយថាទំនងជាជាប់ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធឧស្ម័ន។ មន្ត្រីអាមេរិកបាននិយាយថា ការផ្ទុះនេះបានសម្លាប់ជនជាតិអាមេរិកបួននាក់។
អ្នកនាំពាក្យក្រុមពន្លត់អគ្គីភ័យលោក Vassilis Vathrakogiannis បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា ក្រុមសង្គ្រោះបន្ទាន់ដែលស្លៀកពាក់សម្លៀកបំពាក់ធ្ងន់ៗ និងមួកសុវត្ថិភាពពណ៌ក្រហម ដោយមានជំនួយពីសត្វឆ្កែជួយសង្គ្រោះ កាមេរ៉ា និងឧបករណ៍ចាប់សញ្ញា បានរកឃើញសាកសពមនុស្សចំនួនប្រាំមួយនាក់។ ពួកគេកំពុងស្វែងរកគូស្វាមីភរិយាវ័យចំណាស់មួយគូដែលរស់នៅក្នុងអាផាតមិនមួយ និងអ្នកទេសចរបួននាក់ដែលកំពុងស្នាក់នៅក្នុងអាផាតមិនមួយទៀត ខណៈពេលដែលពួកគេកំពុងយកកំទេចកំទីចេញពីអគារ។
អង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់កងពន្លត់អគ្គីភ័យក៏បានទៅដល់កន្លែងកើតហេតុដើម្បីកំណត់អត្តសញ្ញាណមូលហេតុនៃការផ្ទុះនេះផងដែរ បន្ទាប់ពីមានរបាយការណ៍អំពីក្លិនឧស្ម័ននៅក្នុងតំបន់ដែលជាទីតាំងនៃសណ្ឋាគារ និងផ្ទះជួលរយៈពេលខ្លី។
ប្រភពព័ត៌មានពីប៉ូលីសបាននិយាយថា អ្នកទេសចរ ដែលជាគូស្នេហ៍អាមេរិកពីរគូ ត្រូវបានគេរំពឹងថានឹងជិះយន្តហោះពីអាកាសយានដ្ឋានអាថែននៅម៉ោង 3 រសៀលថ្ងៃសុក្រ ប៉ុន្តែមិនបានបង្ហាញខ្លួនទេ។
រថយន្តសង្គ្រោះបន្ទាន់បានឈរនៅទីនោះនៅថ្ងៃសៅរ៍ ដើម្បីយកសាកសពទៅមន្ទីរពេទ្យដើម្បីកំណត់អត្តសញ្ញាណ។
រូបថត: Reuters










