លោក Jurgen Klopp នៅតែមិនទាន់អាចដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ឱ្យទទួលបានជ័យជម្នះដំបូងរបស់ខ្លួនបានឡើយ បន្ទាប់ពីក្រុមរបស់លោករងបរាជ័យក្នុងទឹកដី ក្រោមថ្វីជើងក្រុមជម្រើសជាតិក្រិក ក្នុងការប្រកួត Nations League។
អតីតគ្រូបង្វឹកក្លិប Liverpool រូបនេះ បានដឹកនាំក្រុមអាល្លឺម៉ង់ជាលើកទីពីរ បន្ទាប់ពីប្រកួតស្មើហូឡង់ ១-១ កាលពីថ្ងៃព្រហស្បតិ៍។
អាល្លឺម៉ង់បានចាញ់ក្នុងទីក្រុង Augsburg ដោយសារគ្រាប់បាល់របស់ខ្សែបម្រើ Dimitrios Kourbelis នៅនាទីទី៧៤។ ការស៊ុតរបស់គេពីខាងក្រៅតំបន់ពិន័យបានប៉ះបង្វែរទិសចេញពី Joshua Kimmich មុនចូលទី។
ទោះបីជាគ្រប់គ្រងការប្រកួតបានច្រើនក៏ដោយ ក្រុមម្ចាស់ផ្ទះដែលបានផ្លាស់ប្តូរកីឡាករជាច្រើននាក់ក្នុងជម្រើសដំបូង និងបានប្តូរ Florian Wirtz ឱ្យចូលលេងពីកៅអីបម្រុង ក៏នៅតែមិនអាចស៊ុតបញ្ចូលទីបានឡើយ។
ក្រិកស្ថិតនៅចំណាត់ថ្នាក់លេខ៤១ ក្នុងចំណាត់ថ្នាក់ពិភពលោក ហើយមិនធ្លាប់យកឈ្នះអាល្លឺម៉ង់ក្នុងការជួបគ្នា ១០ លើកមុនឡើយ មុនការប្រកួតកាលពីល្ងាចថ្ងៃអាទិត្យនេះ ដោយចាញ់ ៧ លើក និងស្មើ ៣ លើក។
លោក Klopp វ័យ ៥៩ ឆ្នាំ ត្រូវបានតែងតាំងជាគ្រូបង្វឹកអាល្លឺម៉ង់ក្នុងខែកក្កដា ដោយចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំ ជំនួសលោក Julian Nagelsmann ដែលបានលាលែងពីតំណែង បន្ទាប់ពីអាល្លឺម៉ង់រងបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលក្រោមថ្វីជើងប៉ារ៉ាហ្គាយ នៅវគ្គ ៣២ ក្រុមចុងក្រោយនៃ World Cup។
បច្ចុប្បន្ន អាល្លឺម៉ង់មិនទាន់ឈ្នះសោះក្នុងការប្រកួត ៤ លើកជាប់ៗគ្នា ចាប់តាំងពីយកឈ្នះកូតឌីវ័រក្នុងការប្រកួតពូលទីពីរ នៃ World Cup កាលពីរដូវក្តៅនេះ។
លទ្ធផលនេះបានធ្វើឱ្យក្រិកឡើងទៅឈរនៅកំពូលតារាងពូលទី២ នៃ Nations League វិញ បន្ទាប់ពីយកឈ្នះស៊ែប៊ីកាលពីថ្ងៃព្រហស្បតិ៍ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងទីតាំងល្អសម្រាប់ឈានទៅវគ្គ ៨ ក្រុមចុងក្រោយ។
តាមរយៈការយកឈ្នះអាល្លឺម៉ង់ ដែលស្ថិតនៅចំណាត់ថ្នាក់លេខ១២ ក្នុងពិភពលោក ក្រិកបានកត់ត្រាជ័យជម្នះលើក្រុមដែលមានចំណាត់ថ្នាក់ពិភពលោកខ្ពស់បំផុតរបស់ខ្លួន ចាប់តាំងពីបានយកឈ្នះអង់គ្លេសនៅកីឡដ្ឋាន Wembley ក្នុងឆ្នាំ២០២៤ នៅពេលអង់គ្លេសស្ថិតក្នុងចំណាត់ថ្នាក់លេខ៤៕










