លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹកនាំកិច្ចការសង្គ្រោះ និងជម្លៀសបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ គិតត្រឹមល្ងាច ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទៅមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមជាមួយ ចៅសង្កាត់ កងកម្លាំង អាជ្ញាធរមូលដ្ឋាន កម្លាំងយុវជនស្ម័គ្រចិត្តគ្រប់ប្រភេទ បានបន្តចុះពិនិត្យ និងចូលរួមដឹកនាំកិច្ចការសង្គ្រោះ និងជម្លៀសបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងបានចុះពិនិត្យជាក់ស្តែងលើប្រព័ន្ធ ទ្វារទឹក និងតំបន់ទំនប់អូរខៃដន ដើម្បីវាយតម្លៃសភាពការណ៍ជាក់ស្ដែង ក្នុងការត្រៀមសង្គ្រោះ ជម្លៀសបងប្អូនប្រជាពលរដ្ឋតាមដំណាក់កាល និងពិសេសត្រៀម២៤ ម៉ោងលើ២៤ ម៉ោង អន្តរាគមន៍តាមសភាពការជាក់ស្ដែង តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា ៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យនាពេលនេះ បាននឹងកំពុងបង្កផលប៉ះពាល់ដល់ក្រុង-ស្រុកមួយចំនួន ដោយសារការធ្លាក់ភ្លៀងបន្តបន្ទាប់ និងទឹកហូរធ្លាក់មកពីតំបន់ខាងលើ។

បណ្តាក្រុង និងស្រុកដែលរងផលប៉ះពាល់ និងប្រឈមខ្លាំងរួមមាន៖

-ក្រុងសិរីសោភ័ណ៖ ទឹកស្ទឹងសិរីសោភ័ណបានហក់ឡើង ដែលបណ្ដាលឱ្យលិចលង់តាមបណ្ដាសង្កាត់មួយចំនួន រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងខ្នងផ្ទះប្រជាពលរដ្ឋ។

-ក្រុងប៉ោយប៉ែត៖ រងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង និងទឹកហូរស្រោចស្រពមកពីតំបន់ព្រំដែន បង្កឱ្យលិចលង់លំនៅដ្ឋាន និងផលដំណាំមួយចំនួន។

ស្រុកមង្គលបូរី៖ រងផលប៉ះពាល់ដោយសារទឹកហូរធ្លាក់តាមដងស្ទឹង បង្កឱ្យលិចផ្លូវ និងស្រែចម្ការរបស់ប្រជាពលរដ្ឋ។

-ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ៖ ទទួលរងការប៉ះពាល់នៅតាមតំបន់ភូមិសាស្ត្រទាប និងនៅជិតព្រំដែន ដោយសារជំនន់ទឹកភ្លៀងធ្លាក់មកពីទីជម្រាល។

អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកអភិបាលខេត្ត បាន និងកំពុងដាក់បទបញ្ជាឱ្យគ្រប់រដ្ឋបាលក្រុង-ស្រុក ត្រៀមកងកម្លាំង និងមធ្យោបាយសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពភ្លាមៗ ព្រមទាំងផ្អាកចរាចរណ៍រថយន្តធុនធ្ងន់លើផ្លូវមួយចំនួនដែលរងការខូចខាតដោយសារទឹកលិច ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print