គ្រួសាររងគ្រោះដោយសារទឹកជំនន់ កើនឡើងដល់ជិត ៤,៥ម៉ឺនគ្រួសារ ប៉ះពាល់ ១០ខេត្តក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ឱ្យដឹងពី លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)​ បានមានប្រសាសន៍ថា​ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥និង០០នាទីល្ងាច ស្ថានភាពគ្រោះទឹកជំនន់ដែលបានកើតឡើងចាប់តាំងពីថ្ងៃទី៨ ខែកញ្ញា មក បានបង្កផលប៉ះពាល់ដល់រាជធានី-ខេត្តចំនួន ១០ក្នុងប្រទេសកម្ពុជា ដោយបង្កឱ្យមានការខូចខាតនិងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា​ គ្រោះធម្មជាតិនេះបានវាយប្រហារលើ ៥២ក្រុង-ស្រុក ក្នុងខេត្តចំនួន១០ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ និងខេត្តឧត្តរមានជ័យ។

លោកអ្នកនាំពាក្យ​ បានបញ្ជាក់ថា មកដល់ពេលនេះ មានប្រជាពលរដ្ឋសរុបចំនួន ៤៤,៨៨៩គ្រួសារ បានរងផលប៉ះពាល់ (កើនឡើង ១៩,៣២៨គ្រួសារ) និងផ្ទះសម្បែងចំនួន ៤០,៣៨៤ខ្នងត្រូវបានប៉ះពាល់។ ក្នុងនោះ អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋចំនួន ៣,៦៨៥ គ្រួសារទៅកាន់ទីទួលសុវត្ថិភាព។

ចំពោះផ្ទៃដីកសិកម្ម លោក សុទ្ធ គឹមកុលមុន្នី បានឱ្យដឹងថា ផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណ ៤៩,៩២៥ហិកតា ត្រូវបានទឹកលិច និងប៉ះពាល់។

ចំពោះវិធានការអន្តរាគមន៍ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃ គ.ជ.គ.ម. បាននិងកំពុងបន្តចុះពិនិត្យ និងវាយតម្លៃស្ថានភាពផ្ទាល់នៅតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។

ជាមួយគ្នានេះ រដ្ឋបាលខេត្តនីមួយៗ បានបង្ហាញពីភាពម្ចាស់ការយ៉ាងសកម្មក្នុងការដោះស្រាយ និងបានបន្តជួយជម្លៀសប្រជាពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់បានទាន់ពេលវេលា។

...

យោងតាមការវាយតម្លៃរបស់ គ.ជ.គ.ម. ទោះបីជាចំនួនប្រជាពលរដ្ឋរងផលប៉ះពាល់មានការកើនឡើងគួរឱ្យកត់សម្គាល់ (ភាគច្រើនក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប) ក៏ដោយ ប៉ុន្តែកម្រិតទឹកទន្លេមេគង្គនៅតាមស្ថានីយសំខាន់ៗភាគច្រើន នៅតែស្ថិតក្រោមកម្រិតត្រូវប្រុងប្រយ័ត្ន និងកំពុងមាននិន្នាការស្រកចុះជាបណ្តើរៗហើយដែរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print