ខេត្តកណ្តាល÷ជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើសកម្មភាពលួចកាច់យកកុងទ័រទឹករបស់ប្រជាពលរដ្ឋយ៉ាងរហ័សបំផុត ស្ថិតនៅភូមិសិត្បូ កាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ថ្ងៃទី២៧ កញ្ញា ២០២៦។
ហេតុការណ៍នេះកំពុងបង្កក្តីព្រួយបារម្ភ ខណៈកន្លងមកមានសេចក្តីរាយការណ៍ជាច្រើនអំពីការបាត់បង់កុងទ័រទឹកជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្តាល។
យោងតាមវីដេអូពីកាមេរ៉ាសុវត្ថិភាព ជនសង្ស័យបានជិះម៉ូតូមកឈប់ក្បែរទីតាំង រួចចុះធ្វើសកម្មភាពកាច់យកនាឡិកាកុងទ័រទឹកស្អាត ដោយប្រើប្រាស់រយៈពេលមិន ដល់១នាទីផង ទោះបីជាមានសត្វឆ្កែព្រុសយ៉ាងខ្លាំងក៏ដោយ រួចក៏បានជិះគេចខ្លួនបាត់ស្រមោលភ្លាមៗ។
ជុំវិញសកម្មភាពដ៏គគ្លើននេះ ប្រជាពលរដ្ឋបានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយបើកការស្រាវជ្រាវ និងតាមវែកមុខមុខសញ្ញាទាំងនេះ ដើម្បីយកមកចាត់វិធានការតាមផ្លូវច្បាប់។
ទន្ទឹមនឹងនេះ សាធារណជនទាំងអស់ក៏គួរតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទ្រព្យសម្បត្តិរបស់ខ្លួននៅពេលយប់ស្ងាត់ ដើម្បីជៀសវាងការខាតបង់ជាយថាហេតុ៕










