ភ្នំពេញ ៖ ភាគីកម្ពុជា និងឡាវ បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការឯកភាពបោះបង្គោលព្រំដែននៅលើដីជាក់ស្តែង បន្ទាប់ពីបានចំណាយពេលចរចាយ៉ាងស្មោះស្ម័គ្រអស់រយៈពេល ២៦ឆ្នាំ។
លោក ស្រ៊ឺ បូរ៉ា រដ្ឋលេខាធិការ និងជាអគ្គនាយកកិច្ចការបច្ចេកទេសព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៦ នេះថា «បន្ទាប់ពីប្រើពេលចរចាអស់រយៈពេល ២៦ឆ្នាំ ដោយឈរលើស្មារតីគោរពគ្នាទៅវិញទៅមក ដោយ សន្តិវិធី និងដើម្បីជាប្រយោជន៍ដល់ប្រជាជននិងប្រជាជាតិរបស់យើងទាំងសងខាង យើងសម្រេចបាន ការឯកភាពបោះបង្គោលព្រំដែននៅលើដីជាក់ស្តែង»។
សូមជម្រាបថា ភាពជោគជ័យនៃកិច្ចការព្រំដែនកម្ពុជា-ឡាវនាពេលនេះ បានស្តែងឱ្យឃើញពីគំរូនៃកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយភាពចាស់ទុំ ផ្អែកលើស្មារតីអ្នកជិតខាងល្អ និងការដោះស្រាយវិវាទដោយសន្តិវិធី ដើម្បីកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍សម្រាប់ប្រជាជាតិទាំងពីរ៕
ដោយ៖ សុរិយា










