អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមហ៊ុន សែន គីរី អេកូផាក អនុវត្តតាមកិច្ចសន្យា និងជួសជុលផ្លូវដែលខូចខាតក្រោយការអនុវត្តគម្រោងវិនិយោគស្ដារឃ្លាំងទឹកទំនប់៧៨

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ យោងតាម​ការចុះផ្សាយ​របស់​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប​ នៅថ្ងៃទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប កាលពីម្សិលមិញនេះ​បានដឹកនាំក្រុមការងារចម្រុះ ប្រជុំពិភាក្សា និងចុះពិនិត្យផ្លូវចេញ-ចូលការដ្ឋានស្ដារឃ្លាំងទឹកទំនប់៧៨ របស់ក្រុមហ៊ុន សែន គីរី អេកូផាក និងណែនាំឱ្យក្រុមហ៊ុន ដែលទទួលបានច្បាប់អនុញ្ញាតស្ដារឃ្លាំងទឹកទំនប់៧៨ ធ្វើការជួសជុល និងកែលម្អផ្លូវប្រវែងជិត ៣គីឡូម៉ែត្រ ត្រង់ចំណុចភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប បន្ទាប់ពីការអនុវត្តគម្រោងវិនិយោគមួយរយៈ បង្កឱ្យផ្លូវរងការខូចខាត ប្រជាពលរដ្ឋ ពិបាកធ្វើដំណើរជាពិសេសក្នុងរដូវវស្សារហូតឈានដល់មានការបិទផ្លូវផ្អាកធ្វើចរាចរផងដែរ។

លោក ឌី រ៉ាដូ មានប្រសាសន៍ថា ការប្រជុំនេះមានគោលបំណងសម្របសម្រួល និងស្វែងរកដំណោះស្រាយរួមគ្នារវាង អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងតំណាងប្រជាពលរដ្ឋ ដើម្បីជួសជុលផ្លូវ និងរៀបចំការធ្វើចរាចរណ៍ឡើងវិញ។ លោកក៏បានជំរុញឱ្យក្រុមហ៊ុនទទួលខុសត្រូវជួសជុលផ្លូវនេះឡើងវិញ ដើម្បីឲ្យ ប្រជាពលរដ្ឋអាចធ្វើដំណើរបានស្រួលដោយជំហានដំបូងក្នុងដំណាក់កាលកម្ពុជាកំពុងទទួលរងឥទ្ធិពលសម្ពាធទាបធ្វើឱ្យមានភ្លៀងធ្លាក់សឹងរាល់ថ្ងៃនេះត្រូវដោះស្រាយជួសជុលចាក់លុបជង្ហុកធំៗ នឹងក្រោយពេលអាកាសធាតុល្អគ្មានភ្លៀងធ្លាក់ ត្រូវធ្វើការចាក់គ្រួសក្រហមសម្រួលកុំឱ្យមានការរអិល ព្រមទាំងជំរុញឲ្យមានការចាក់បេតុង ឬធ្វើផ្លូវកៅស៊ូ នារដូវប្រាំងខាងមុខ។

លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឱ្យដឹងថា បើទោះបីជាក្រុមហ៊ុន មានច្បាប់ លិខិតអនុញ្ញាតត្រឹមត្រូវចេញដោយរដ្ឋបាលខេត្តសៀមរាប ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងរ៉ែ និងថាមពល រួមទាំងកិច្ចសន្យាការពារបរិស្ថានចេញដោយក្រសួងបរិស្ថាន ក៏ដោយតែក្រុមហ៊ុនត្រូវបង្កើនការជួសជុល និងថែទាំផ្លូវឱ្យបានជាប្រចាំ តាមកិច្ចសន្យាន័យលិខិតអនុញ្ញាត មិនមែនជួសជុលគ្រាន់តែបង្គ្រប់កិច្ចនោះទេ ។

ជាមួយគ្នានោះ តំណាងប្រជាជនភូមិបុស្សក្រឡាញ់ បានស្នើឱ្យក្រុមហ៊ុនជួយជួសជុលតាមជំហានដូចជា ស្ដារប្រឡាយ សងខាងផ្លូវដើម្បីបញ្ចៀសទឹក , ឈូស គៀរសម្រួលផ្លូវឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាននារដូវភ្ជុំបិណ្ឌ, អាកាសធាតុ ល្អផ្អាកភ្លៀងក្រុមហ៊ុនជួយចាក់ថ្ម Mix ,ពេលគម្រោងសម្រេចបាន ៨០%-៩០% ត្រូវធ្វើផ្លូវ បេតុងឬកៅស៊ូ និងផ្អាកការដឹកជញ្ជូនពេលមានភ្លៀង និងក្រោយពេលភ្លៀងមួយថ្ងៃទើបអាចដឹកបានវិញ។

ក្រោយមានការសម្របសម្រួលពីក្រុមការងារចម្រុះ ក្រុមហ៊ុន បានទទួលស្គាល់ថា ការអនុវត្តគម្រោងស្ដារទំនប់ទឹក៧៨នេះ ក្រុមហ៊ុនទើបអនុវត្តបានរយៈពេល៦ខែប៉ុណ្ណោះ ហើយក្រុមហ៊ុនក៏បានជួសជុលផ្លូវ ដោយចាក់ដីសរ ជាបណ្ដើរៗដែរ តែដោយសាររដូវភ្លៀងទើបបណ្ដាលឲ្យផ្លូវមានសភាពជោគជាំ ពិបាកក្នុងការជួសជុលភ្លាមៗ។ ជាមួយគ្នានេះ ក្រុមហ៊ុន

សម្រេចជួសជុលផ្លូវបណ្ដោះអាសន្នទៅតាមបច្ចេកទេសដែលអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរបាន ក្រោយចប់កិច្ចប្រជុំ និងសម្រេចថា ក្រោយមេឃផ្អាកភ្លៀង និងរៀបចំជួសជុលដោយចាក់កម្ទេចថ្មដើម្បីលុបក្រឡុក និងចាក់គ្រួសក្រហម ឬថ្មMix ទៅតាមជំហាន និងលទ្ធភាពរបស់ក្រុមហ៊ុនជាបន្តបន្ទាប់ និងស្នើដំណើរការអាជីវកម្មជាធម្មតាដើម្បីឲ្យក្រុមហ៊ុន អាចមានចំណូលដើម្បីចំណាយទៅលើការជួសជុលផ្លូវខាងលើនេះផងដែរ។ តំណាងក្រុមហ៊ុន ក៏បានបញ្ជាក់ថា ក្រោយគម្រោងជំហានទីមួយបញ្ចប់ ក្រុមហ៊ុនត្រូវផ្លាស់ប្ដូរទៅប្រើផ្លូវដឹកជញ្ជូនមួយទៀត ហើយក្រុមហ៊ុន និងសន្យាជួសជុលផ្លូវនេះឱ្យបានស្អាត ឬប្រសិនបើមានលទ្ធភាពក្រុមហ៊ុននិងចាក់ជាផ្លូវកៅស៊ូជូនប្រជាជនប្រើប្រាស់ ។

សូមរំលឹកថា កំណាត់ផ្លូវដែលរងការខូចខាតខាងលើមានប្រវែងប្រមាណ ២ ៩០០ម៉ែត្រ ហើយកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ប្រជាពលរដ្ឋមួយចំនួនក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ បានធ្វើការបិទផ្លូវ មិនឱ្យរថយន្តដឹកដីរបស់ក្រុមហ៊ុន សែន គីរី អេកូផាក ធ្វើដំណើរឆ្លងកាត់បណ្ដោះអាសន្ន ដើម្បីទាមទាររកដំណោះស្រាយផងដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print