Lionel Messi ជោគជ័យក្នុងការទិញក្លិប CD Eldense នៅលីគលំដាប់ទី២ របស់អេស្ប៉ាញ

ចែករំលែក៖

Lionel Messi បានបញ្ចប់ការទិញក្លិបបាល់ទាត់ CD Eldense ដែលកំពុងប្រកួតក្នុងលីគលំដាប់ទី២ របស់ប្រទេសអេស្ប៉ាញ។

 

កិច្ចព្រមព្រៀងនេះនៅត្រូវរង់ចាំការអនុម័តពីស្ថាប័នពាក់ព័ន្ធ ហើយនេះជាក្លិបទី២ នៅប្រទេសអេស្ប៉ាញដែលកំពូលតារាបាល់ទាត់អាហ្សង់ទីនរូបនេះបានវិនិយោគ។ កាលពីខែមេសា កីឡាករវ័យ ៣៩ ឆ្នាំរូបនេះក៏បានទិញក្លិប Cornella ដែលមានមូលដ្ឋាននៅតំបន់កាតាឡូញ៉ាផងដែរ។

 

ក្លិប CD Eldense បានប្រកាសនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា៖ «ក្លិប Deportivo Eldense សូមប្រកាសជាផ្លូវការអំពីការទិញយកក្លិបដោយ Leo Messi ដែលជាការចាប់ផ្តើមជំពូកថ្មីដ៏គួរឱ្យរំភើបមួយក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ដែលមានអាយុកាលជាង ១០០ ឆ្នាំមកហើយ»។

 

បច្ចុប្បន្ន CD Eldense កំពុងឈរនៅលេខរៀងទី១៩ ក្នុងចំណោមក្រុមទាំង ២២ នៅលីគលំដាប់ទី២ របស់អេស្ប៉ាញ ដោយទទួលបានជ័យជម្នះតែ ១ លើក និងមាន ៥ ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីការប្រកួត ៧ លើកដំបូង។

 

Messi ដែលធ្លាប់ជាខ្សែប្រយុទ្ធរបស់ Barcelona និងបានឈ្នះពាន World Cup ឆ្នាំ២០២២ ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន បច្ចុប្បន្នកំពុងលេងឱ្យក្លិប Inter Miami នៅក្របខណ្ឌ Major League Soccer របស់សហរដ្ឋអាមេរិក។ លោកក៏បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិកាលពីខែសីហាផងដែរ។

 

ម្ចាស់ពាន Ballon d’Or ចំនួន ៨ សម័យរូបនេះ បានឈានដល់ «កិច្ចព្រមព្រៀងបឋម» ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ CD Eldense កាលពីខែកញ្ញា ហើយដំណើរការនេះត្រូវបានបញ្ចប់ជាស្ថាពរនៅពេលនេះ។

 

ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Alicante បានបន្ថែមថា៖ «ការមកដល់របស់បុគ្គលម្នាក់ដែលជាតួអង្គដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រកីឡា ក្នុងនាមជាម្ចាស់ក្លិប CD Eldense គឺជាការចាប់ផ្តើមគម្រោងរយៈពេលវែងមួយ ដែលមានគោលដៅជំរុញការអភិវឌ្ឍរបស់ក្លិបទាំងផ្នែកកីឡា ស្ថាប័ន និងសង្គម»។

 

Messi បានចាកចេញពីប្រទេសអាហ្សង់ទីនទៅកាន់ប្រទេសអេស្ប៉ាញនៅពេលលោកមានអាយុ ១៣ ឆ្នាំ ហើយបានបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមឈុតធំរបស់ Barcelona នៅអាយុ ១៧ ឆ្នាំ ក្នុងខែតុលា ឆ្នាំ២០០៤។

 

លោកបានស៊ុតបញ្ចូលទីចំនួន ៦៧២ គ្រាប់ ក្នុងការបង្ហាញខ្លួន ៧៧៨ ប្រកួត ដែលជាកំណត់ត្រារបស់ក្លិប មុនពេលចាកចេញទៅចូលរួមជាមួយក្លិបបារាំង Paris Saint-Germain ក្នុងឆ្នាំ២០២១។ បន្ទាប់មក លោកបានផ្ទេរទៅកាន់ Inter Miami នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣។

...

 

ចំណែក Cristiano Ronaldo ដែលជាអតីតគូប្រជែងរបស់ Messi នៅ Real Madrid និងបច្ចុប្បន្នកំពុងលេងឱ្យក្លិប Al-Nassr ក្នុងលីគ Saudi Pro League ក៏បានទិញភាគហ៊ុន ២៥% នៅក្នុងក្លិប Almeria របស់អេស្ប៉ាញ កាលពីខែកុម្ភៈផងដែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print