ការធ្លាក់ចេញតាំងពីវគ្គដំបូងរបស់ម្ចាស់មេដាយការពារតំណែង Li Shifeng និង Shi Yuqi បានធ្វើឱ្យក្រុមកីឡាករវាយសីឯកត្តជនបុរសរបស់ចិន បរាជ័យក្នុងការដណ្តើមបានមេដាយពីព្រឹត្តិការណ៍ Asian Games ជាលើកដំបូងក្នុងរយៈពេល ៥២ ឆ្នាំ។
កាលពី Asian Games នៅទីក្រុង Hangzhou កាលពីបីឆ្នាំមុន Li បានយកឈ្នះ Shi ក្នុងវគ្គផ្តាច់ព្រ័ត្រដែលជាការប្រកួតរវាងកីឡាករចិនទាំងពីរ ជួយឱ្យប្រទេសម្ចាស់ផ្ទះដណ្តើមបានមេដាយមាស និងប្រាក់។
ទោះជាយ៉ាងណា នៅ Asian Games 2026 ដែលធ្វើឡើងនៅតំបន់ Aichi-Nagoya កីឡាករឆ្នើមទាំងពីររូបបានរងបរាជ័យយ៉ាងគួរឱ្យភ្ញាក់ផ្អើលតាំងពីវគ្គដំបូង ក្រោមថ្វីដៃកីឡាករកូរ៉េខាងត្បូងដែលមានចំណាត់ថ្នាក់ពិភពលោកទាបជាងពួកគេយ៉ាងខ្លាំង។
កីឡាករ Shi Yuqi ដែលឈរលេខ៤ ពិភពលោក បានចាញ់ Yoo Tae-bin ដែលឈរលេខ៤៧ ដោយលទ្ធផល ០-២ ហ្គេម (១៧-២១ និង ២៣-២៥) ក្នុងវគ្គ ១៦ នាក់ចុងក្រោយ។
ចំណែក Li Shifeng ដែលជាម្ចាស់មេដាយមាសការពារតំណែង និងឈរលេខ១២ ពិភពលោក បានចាញ់ Choi Ji-hoon ដែលឈរលេខ១០២ ដោយលទ្ធផល ១-២ ហ្គេម (២១-១៨, ១៩-២១ និង ១៨-២១) ក្នុងវគ្គ ៣២ នាក់ចុងក្រោយ។
ការធ្លាក់ចេញរបស់កីឡាករទាំងពីររូបនេះ បានធ្វើឱ្យចិនមិនអាចឈ្នះមេដាយក្នុងវិញ្ញាសាឯកត្តជនបុរសជាលើកដំបូង ចាប់តាំងពីប្រទេសនេះចូលរួម Asian Games ជាលើកដំបូងក្នុងឆ្នាំ១៩៧៤។
វិញ្ញាសានេះតែងតែជាប្រភពនៃមោទនភាពជាតិរបស់ចិន ជាពិសេសក្នុងសម័យកាលដ៏ជោគជ័យចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ នៅពេលវីរបុរសវាយសី Lin Dan និង Chen Long បានដណ្តើមមេដាយមាសអូឡាំពិកចំនួន ៣ និងមេដាយមាស Asian Games ចំនួន ២។
ក្រោយធ្លាក់ចេញពីការប្រកួត Li បានលើកឡើងថា ការបង្ហាញទម្រង់លេងមិនល្អរបស់ខ្លួនបណ្តាលមកពីភាពនឿយហត់ផ្នែករាងកាយ បន្ទាប់ពីចាញ់កីឡាករឥណ្ឌូណេស៊ី Alwi Farhan ក្នុងរយៈពេល ៩០ នាទី នៅវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាក្រុមបុរស កាលពីថ្ងៃទី២៤ ខែកញ្ញា។
តាមសេចក្តីរាយការណ៍របស់ Channel News Asia លោកបានទទួលស្គាល់ថា ទោះបីបានសម្រាកមួយថ្ងៃក៏ដោយ ស្ថានភាពផ្លូវចិត្តរបស់លោកបានធ្លាក់ចុះយ៉ាងខ្លាំង ហើយមិនអាចស្តារទម្រង់លេងរបស់ខ្លួនឡើងវិញបានទេ។
ចំណែក Shi បានបង្ហើបថា លោកបានជួបបញ្ហារបួស និងខ្វះទំនុកចិត្ត មុនពេលចូលរួមការប្រកួតនេះ។
ការបរាជ័យនៅ Asian Games លើកនេះ បានបន្តបន្ថែមភាពខកចិត្តដល់ក្រុមកីឡាវាយសីបុរសរបស់ចិន។
ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកដែលធ្វើឡើងនៅប្រទេសឥណ្ឌាកាលពីខែសីហាឆ្នាំមុន ក្រុមចិនមិនអាចមានកីឡាករណាម្នាក់ឡើងដល់វគ្គ ៨ នាក់ចុងក្រោយឡើយ។ Shi បានធ្លាក់ចេញតាំងពីជុំទី១ ខណៈ Li បានធ្លាក់ក្នុងវគ្គ ១៦ នាក់ចុងក្រោយ។
ទោះជាយ៉ាងណា ក្នុងវិញ្ញាសាវាយសីផ្សេងទៀត ចិននៅតែទទួលបានលទ្ធផលល្អ។ ក្រុមនេះបានដណ្តើមមេដាយមាសក្នុងវិញ្ញាសាវាយគូបុរស-នារីចម្រុះ តាមរយៈ Jiang Zhenbang និង Wei Yaxin ព្រមទាំងមេដាយមាសក្នុងវិញ្ញាសាក្រុមនារី។
ចិនក៏បានឈ្នះមេដាយប្រាក់ក្នុងវិញ្ញាសាវាយគូបុរស វាយគូនារី និងវិញ្ញាសាក្រុមបុរស ព្រមទាំងមេដាយសំរឹទ្ធក្នុងវិញ្ញាសាឯកត្តជននារី និងវាយគូបុរស-នារីចម្រុះផងដែរ។
ក្នុងវិញ្ញាសាឯកត្តជននារី កីឡាការិនីចិននៅតែជួបការលំបាកក្នុងការប្រកួតប្រជែងជាមួយ An Se-young របស់កូរ៉េខាងត្បូង ដែលកំពុងគ្រប់គ្រងវិញ្ញាសានេះ និង Akane Yamaguchi របស់ជប៉ុន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រោយមក An បានយកឈ្នះ Yamaguchi ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមមេដាយមាស។
លទ្ធផលដ៏ខកចិត្តទាំងនេះកើតឡើងស្របពេលដែលសមាគមកីឡាវាយសីចិន (CBA) កំពុងប្រឈមនឹងភាពចលាចលផ្ទៃក្នុង។
កាលពីខែមេសា ឆ្នាំ២០២៦ សារព័ត៌មានរដ្ឋបានរាយការណ៍ថា ប្រធាន CBA និងជាអតីតម្ចាស់ជើងឯកអូឡាំពិក Zhang Jun កំពុងស្ថិតក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងការសង្ស័យថាបានប្រព្រឹត្តល្មើសវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលជាពាក្យប្រើប្រាស់ជាទូទៅសម្រាប់សំដៅលើអំពើពុករលួយ។
មន្ត្រីជាន់ខ្ពស់ពីររូបផ្សេងទៀត គឺអនុប្រធាន Xia Xuanze និងអតីតអនុប្រធាន Wang Wei ក៏កំពុងប្រឈមនឹងការស៊ើបអង្កេតស្រដៀងគ្នានេះដែរ។
មិនដល់ពីរសប្តាហ៍មុនពេល Asian Games ចាប់ផ្តើម Zhang Xin ត្រូវបានជ្រើសរើសជាប្រធាន CBA ថ្មី រួមជាមួយអនុប្រធាន Li Lun។
យោងតាមសារព័ត៌មាន South China Morning Post ថ្នាក់ដឹកនាំថ្មីបានសន្យាថានឹងអនុវត្តកំណែទម្រង់ប្រឆាំងអំពើពុករលួយ និងរៀបចំសណ្តាប់ធ្នាប់ឡើងវិញ ដើម្បីដោះស្រាយភាពច្របូកច្របល់ក្នុងការគ្រប់គ្រងរដ្ឋបាលរបស់វិស័យកីឡាវាយសី៕










