បារាំង៖ ប៉ូលីសចាប់ខ្លួនមនុស្សរាប់រយនាក់ ខណៈដែលការតវ៉ា និងការប៉ះទង្គិចគ្នាកាន់តែកើនឡើង

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថាប៉ូលិសបង្ក្រាបកុបកម្មបានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករជាសិស្សវិទ្យាល័យនៅទូទាំងប្រទេសបារាំង កាលពីថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ ខណៈក្រុមសហជីពមួយចំនួនបានអំពាវនាវឱ្យក្រុមគ្រូបង្រៀបចូលរួមធ្វើកូដកម្ម ក្នុងបរិបទដែលរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Emmanuel Macron កំពុងព្យាយាមទប់ស្កាត់ការកើនឡើងអំពើហិង្សាក្នុងបាតុកម្មតវ៉ាជុំវិញស្ថានភាពក្នុងថ្នាក់រៀន និងបញ្ហាកញ្ចប់ថវិកាមិនគ្រប់គ្រាន់សម្រាប់វិស័យអប់រំ។

នៅសល់៦ខែទៀត មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងនៅឆ្នាំ២០២៧ ការស្ទង់មតិជាច្រើនបានបង្ហាញពីការថយចុះប្រជាប្រិយភាពយ៉ាងខ្លាំងរបស់លោក Macron និងរដ្ឋាភិបាលរបស់លោក ជាពិសេសពាក់ព័ន្ធនឹងការកាត់បន្ថយកញ្ចប់ថវិកាដែលធ្វើឱ្យវិបត្តិកញ្ចប់ថវិកាសម្រាប់វិស័យអប់រំកាន់តែអាក្រក់ឡើង និងជំរុញឱ្យមានការមិនពេញចិត្តរឹតតែខ្លាំង។ តាមរដ្ឋមន្ត្រីក្រសួងអប់រំបារាំង លោក Edouard Geffray បុគ្គលិកអប់រំ ៦៥នាក់បានរងរបួសអំឡុងភាពចលាចលក្នុងបាតុកម្មតវ៉ា។
ព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Laurent Nunez បានប្រាប់ទូរទស្សន៍បារាំង TF1 TV កាលពីថ្ងៃសុក្រថាចាប់តាំងពីថ្ងៃចន្ទមក មានមនុស្សប្រមាណ ៥០០០នាក់ក្នុងភាគច្រើនជាក្មេងជំទង់ត្រូវបានចាប់ខ្លួន ហើយវិទ្យាល័យជាង ៤០០បានបិទទ្វារដោយសារតែភាពចលាចល ដែលបានឈានដល់ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងការបាញ់កាំជ្រួចដាក់ប៉ូលិស ព្រមទាំងការដុតបំផ្លាញទ្រព្យសម្បត្តិមួយចំនួន។
ជាការទប់ស្កាត់បាតុកម្មតវ៉ា អាជ្ញាធរបារាំងបានព្រមានថាឪពុកម្ដាយរបស់បាតុករដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ អាចនឹងប្រឈមមុខនឹងការសងសំណងខូចខាត ដូច្នេះពួកគេគួរតែហាមឃាត់កូនៗរបស់ពួកគេកុំឱ្យចូលរួមក្នុងបាតុកម្មតវ៉ា។ ក្រុមសិស្សវិទ្យាល័យបាននាំគ្នាធ្វើបាតុកម្មតវ៉ា ដើម្បីសម្ដែងការខឹងសម្បាររបស់ពួកគេទៅនឹងបញ្ហាថ្នាក់រៀនដែលមានសិស្សច្រើនពេក រកកន្លងអង្គុយសឹងតែមិនបាន និងការខ្វះខាតគ្រូបង្រៀន ដោយពួកគេបន្ទោសថាបណ្ដាលមកពីការវិនិយោគមិនគ្រប់គ្រាន់លើវិស័យអប់រំ៕

រូប​ថត​: le monde

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print