ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្ដតាមបញ្ជាដឹកនាំលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានចុះល្បាតដល់ចំណុចផ្លូវបេតុងខាងលិចបូរីTLL ស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ប្រទះឃេីញមុខសញ្ញាសង្ស័យចំនួន២នាក់ (១)-ឈ្មោះ ព្រំ វណ្ណៈ ភេទប្រុស អាយុ ៤២ឆ្នាំនៅភូមិល្វា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល (២)-ឈ្មោះ អាន សុភ័ណ្ឌ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិតាឡាក់ សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
លទ្ធផលកម្លាំងបានត្រួតពិនិត្យឆែកឆេររកឃេីញ៖ ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន៣កញ្ចប់ ទូរស័ព្ទដៃចំនួន ២គ្រឿង ជញ្ចឹងអេឡិចត្រូនិច ១គ្រឿង ម៉ូតូ១គ្រឿង ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់មួយចំនួនទៀត។
ករណីទី២ ៖ កំលាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានធ្វេីការឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីរក្សាទុកជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ១នាក់ ឈ្មោះ ចិន ឡា ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដកហូតម្សៅក្រាមពណ៍សថ្លា សង្ស័យថាគ្រឿងញៀនចំនួន ៣កញ្ចប់ ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស្លាកលេខកំពង់ចាម 1J-3466 ទូរស័ព្ទដៃ ១គ្រឿង ។
ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងអធិការនគរបាលក្រុងច្បារមន បន្តត្រួតពិនិត្យឆែកនៅបន្ទប់ជួលជនសង្ស័យរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៣កញ្ចប់បន្ថែមទៀត។
បច្ចុប្បន្នករណីគ្រឿងញៀនទាំងពីខាងលេីកម្លាំងបានធ្វេីការបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ដេីម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










