យោងតាម Reuters នៅថ្ងៃទី៤ខែតុលា បានអោយដឹងថាក្រុមឧទ្ទាមហ៊ូធីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់នៅប្រទេសយេម៉ែនបាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានកំណត់គោលដៅលើរោងចក្រ Aramco មួយកន្លែងនៅក្នុងរដ្ឋធានីរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអូឌីតដោយមីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក ដោយនិយាយថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតលើទីក្រុងសាណា និងខេត្តដទៃទៀតរបស់ប្រទេសយេម៉ែន។ សាក្សីម្នាក់បានប្រាប់រ៉យទ័រថា ផ្សែង និងភ្លើងដ៏ធំមួយត្រូវបានគេមើលឃើញថាហុយឡើងនៅជិតរោងចក្រ Aramco មួយកន្លែងក្នុងទីក្រុងរីយ៉ាដកាលពីព្រឹកថ្ងៃសៅរ៍។
មិនមានការបញ្ជាក់ភ្លាមៗពីអាជ្ញាធរអារ៉ាប៊ីសាអូឌីតអំពីការវាយប្រហារលើរោងចក្រ Aramco ទេ។ Aramco មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
ការវាយប្រហារដែលបានរាយការណ៍នេះកើតឡើងចំពេលមានអរិភាពកាន់តែខ្លាំងឡើងរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធី ដែលបានបង្កើនការវាយប្រហារលើទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត។
ក្រុមហ៊ូធីបាននិយាយកាលពីសប្តាហ៍មុនថា ពួកគេបានវាយប្រហាររោងចក្រផលិតប្រេង Saudi Aramco ក្នុងទីក្រុងយ៉ានប៊ូ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។ អារ៉ាប៊ីសាអូឌីតបាននិយាយនៅពេលនោះថា ខ្លួនបានស្ទាក់ចាប់មីស៊ីលផ្លោងចំនួនប្រាំមួយគ្រាប់ដែលបាញ់ដោយក្រុមហ៊ូធីឆ្ពោះទៅកាន់ទីក្រុងតាអ៊ីហ្វ និងតំបន់យ៉ានប៊ូ ប៉ុន្តែមិនបានរាយការណ៍ពីការខូចខាតដល់រោងចក្រផលិតប្រេង Aramco នោះទេ។
រូបថត: Reuters










