ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អះអាងថា រុស្ស៊ីនៅតែមានមីស៊ីលរាប់ពាន់គ្រាប់ និងផលិតមីស៊ីលថ្មីជាង ១០០ គ្រាប់ជារៀងរាល់ខែ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅទីក្រុងគៀវ នៅថ្ងៃទី ៤ ខែតុលា ប្រធានាធិបតី Zelensky បានថ្លែងថា បច្ចុប្បន្នរុស្ស៊ីមានមីស៊ីលផ្លោងប្រហែល ៧០០ គ្រាប់ និងមីស៊ីលគ្រប់ប្រភេទរាប់ពាន់គ្រាប់ផ្សេងទៀតនៅក្នុងស្តុករបស់ខ្លួន។
លើសពីនេះ យោងតាមប្រធានាធិបតីអ៊ុយក្រែន ការប៉ាន់ស្មានរបស់ចារកម្មថា ទីក្រុងមូស្គូនៅតែបន្តផលិតមីស៊ីលផ្លោងថ្មីប្រហែល ១៣០-១៤០ គ្រាប់ក្នុងមួយខែ។
លោក Zelensky បានសង្កត់ធ្ងន់ថា “យើងត្រូវតែប្រយុទ្ធប្រឆាំងនឹងរឿងនេះ ហើយយើងកំពុងធ្វើដូច្នេះ។ យើងកំពុងអំពាវនាវ និងដាក់សម្ពាធលើសហភាពអឺរ៉ុប និងប្រទេសដទៃទៀតដែលមានអំណាច និងឥទ្ធិពលលើខ្សែសង្វាក់ផ្គត់ផ្គង់នៃសមាសធាតុមួយចំនួនដែលប្រើក្នុងមីស៊ីលទាំងនេះ ដើម្បីកាត់បន្ថយការផលិតរបស់រុស្ស៊ី”។
លើសពីនេះ កងកម្លាំងអ៊ុយក្រែនបន្តកំណត់ទីតាំង និងវាយប្រហារឃ្លាំងយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ី។ អ៊ុយក្រែនក៏កំពុងពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនជាប្រព័ន្ធ ដើម្បីទប់ទល់នឹងអាវុធចុងក្រោយបង្អស់ដែលប្រើប្រាស់ដោយរុស្ស៊ី។
ប្រធានាធិបតី Zelensky ពីមុនបានបង្ហាញពីការដាក់ពង្រាយមីស៊ីលស្ទាក់ចាប់ Shahed របស់រុស្ស៊ី ដោយពន្យល់ពីដំណាក់កាលបច្ចុប្បន្ននៃការអភិវឌ្ឍប្រព័ន្ធដែលមានគោលបំណងទប់ទល់នឹងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាទូទៅ។
យោងតាមលោកZelensky រុស្ស៊ីមានគម្រោងផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើអ៊ុយក្រែន។ ដូច្នេះអ៊ុយក្រែនត្រូវត្រៀមខ្លួនសម្រាប់សេណារីយ៉ូដែលរុស្ស៊ីបង្កើនការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក។
លោក Zelensky បានព្រមានថា ចំនួនយន្តហោះគ្មានមនុស្សបើកទាំងនេះអាចនឹងមិនច្រើនដូចស៊េរី Shahed ធម្មតាទេ ប៉ុន្តែរុស្ស៊ីចង់ផ្តោតលើគុណភាពជាជាងបរិមាណ៕ ដោយធីរីណា
រូបថត: Reuters










