ភ្នំពេញ៖ ជនជាតិម្នាក់ចិនក្នុងចំណោមបក្ខពួក៥ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈចូលផឹកសុីក្នុងខារ៉ាអូខេ ឌឹ ឃ្វីនស៍ ហើយប្រើអំពើហិង្សាយកកែវស្រាវាយនារីមេកាមួយកែបែកក្បាលហូរឈាមស្រោចខ្លួនព្រោះតែខឹងនារីរងគ្រោះខាំដៃ។
ករណីប្រើហិង្សានេះកើតឡើងនៅវេលាម៉ោង១២ និង២៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅក្នុងហាងខារាអូខេ ឌឹ ឃ្វីនស៍ តាមបណ្តោយផ្លូវណតប្រ៊ីត ភូមិស្លែងរលើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នារីរងគ្រោះមានឈ្មោះ រ៉ូ រដ្ឋា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ ធ្វើការក្នុងហាងខារាអូខេ( ម្ចាស់បន្ទប់) ស្នាក់នៅផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកបុរសជនជាតិចិនជាអ្នកដៃដល់មានឈ្មោះ ឈាង ចុងមុី អាយុ៤៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកាត់ដេរ ជាចិនដីគោក ស្នាក់នៅក្នុងរោងចក្រ ម្តុំផ្លូវជាតិលេខ២ ខេត្តតាកែវ។
ប្រភពពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុមានភ្ញៀវជាជនជាតិចិនចំនួន៥នាក់បាននាំគ្នាមកផឹកសុីច្រៀងកំសាន្តនៅក្នុងហាងខារ៉ាអូខេខាងលើ ហើយពេលនោះពួកគេបានហៅស្រាបៀរអង្គរដបមកផឹកជាច្រើនដប ស្របពេលនោះជនបង្កនិងមិត្តភក្ដិរបស់គេបានហៅនារីមកអង្គុយជាមួយគ្រប់គ្នា ប៉ុន្តែជនបង្កមិនបានយកនារីអូតេសមកអង្គុយទេ ដោយហៅនារីដែលជាម្ចាស់បន្ទប់(នារីរងគ្រោះ)មកអង្គុយជាមួយវិញរហូតដល់ម៉ោងកើតហេតុដោយសារតែជាតិស្រវឹងស្រាខ្លាំងក៏លួកលាន់នារីរងគ្រោះឈឺធ្វើឲ្យនាងទ្រាំមិនបានក៏ខាំដៃជនបង្កពេលនោះជនបង្កខឹងបានយកកែវស្រាមកវាយក្បាលនារីរងគ្រោះបណ្ដាលឲ្យហូរឈាមស្រោចពេញខ្លួនហើយភ្លាមនោះសន្តិសុខហាងបានចូលមកឃាត់ជនបង្កប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លា។ ចំណែកនារីរងគ្រោះវិញត្រូវបានបញ្ជូនយកទៅកាន់គ្លីនិកឯកជនដែលនៅជិតកន្លែងកើតហេតុដើម្បីព្យាបាល។
ក្រោយពេលកើតហេតុជនបង្កត្រូវបានបញ្ជូនខ្លួនយកទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរងចាំចាត់ការតាមនីតិវិធី៕
ដោយ៖ តុង សីហា