សហរដ្ឋអាមេរិកដកយន្តហោះទម្លាក់គ្រាប់បែកចេញពីមូលដ្ឋានទ័ពអាកាសចក្រភពអង់គ្លេស បន្ទាប់ពីមានឧប្បត្តិហេតុសន្តិសុខធ្ងន់ធ្ងរ

ចែករំលែក៖

សហរដ្ឋអាមេរិកបានដកយន្តហោះទម្លាក់គ្រាប់បែក B-1 ចេញពីមូលដ្ឋានទ័ពអាកាសចក្រភពអង់គ្លេស បន្ទាប់ពីបានរកឃើញផែនការវាយប្រហារដែលផ្តោតលើមូលដ្ឋានទ័ពអាកាស។

មន្ទីរបញ្ចកោណបានទទួលស្គាល់សេចក្ដីរាយការណ៍មួយកាលពីថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ ថាសហរដ្ឋអាមេរិកបានដកយន្ដហោះទម្លាក់គ្រាប់បែក B-1 ទាំងអស់ចេញពីមូលដ្ឋានទ័ពអាកាស Royal Air Force Fairford របស់អង់គ្លេស មួយសប្ដាហ៍បន្ទាប់ពីបុរសជាច្រើននាក់ត្រូវបានចាប់ខ្លួនក្រោមការសង្ស័យថាមានគម្រោងធ្វើសកម្មភាពភេរវកម្មបំផ្លិចបំផ្លាញយន្ដហោះទម្លាក់គ្រាប់បែកអាមេរិកនៅទីនោះ។
សេចក្ដីថ្លែងការណ៍មួយពីមន្ត្រីម្នាក់នៃមន្ទីរបញ្ចកោណ បាននិយាយថា «យើងអាចទទួលស្គាល់នៅពេលនេះថាយន្ដហោះទម្លាក់គ្រាប់បែកទាំងអស់ដែលត្រូវបានដាក់ពង្រាយទៅកាន់មូលដ្ឋានទ័ពអាកាស RAF Fairford ត្រូវបានដាក់ពង្រាយឡើងវិញទៅកាន់មូលដ្ឋានទ័ពដែល យន្ដហោះទាំងនេះឈរជើងក្នុងសហរដ្ឋអាមេរិក»។
ការដកយន្ដហោះទម្លាក់គ្រាបបែក ធ្វើឡើងក្រោយប៉ូលិសព្រីតថេនទទួលបានការហៅទូរស័ព្ទពីកសិករម្នាក់នៅក្នុងតំបន់ដែលបានរាយការណ៍ពីសកម្មភាពមិនប្រក្រតីនៅឯក្បែរមូលដ្ឋានទ័ព RAF Fairford កាលពីអាទិត្យសប្ដាហ៍មុនថាមនុស្សប្រុសមួយក្រុមជិះរថយន្ដវ៉ែនជាច្រើនគ្រឿង បានធ្វើសកម្មភាពគួរឱ្យសង្ស័យ។ ការសង្ស័យនេះបានបង្ខំឱ្យមានការជម្លៀសប្រជាជនដែលរស់នៅក្បែរមូលដ្ឋានទ័ពនោះ។ ការសង្ស័យពីចេតនានៅពីក្រោយឧបទ្ទវហេតុខាងលើមានចាប់ពីការគំរាមកំហែងភេរវកម្ម រហូតដល់ការលួចប្រេងឥន្ធនៈ ខណៈតម្លៃថាមពលក្នុងព្រីតថេនកំពុងឡើងថ្លៃក្នុងសប្ដាហ៍នេះ។ ក្រុមអ្នកស៊ើបអង្កេតមិនបានរកឃើញឧបករណ៍ ឬគ្រឿងផ្ទុះណាមួយនោះទេនៅក្នុងរថយន្ដវ៉ែន ប៉ុន្តែបានរកឃើញប្រេងឥន្ធនៈជាច្រើនធុង។
ប៉ូលិសព្រីតថេនបានឃាត់ខ្លួនបុរសជាជនសង្ស័យ៥នាក់ តែបានដោះលែងពួកគេឱ្យនៅក្រៅឃុំ ជាហេតុបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសហរដ្ឋអាមេរិក។ តាមលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជនសង្ស័យដែលត្រូវបានចាប់ខ្លួន មានគម្រោងបង្កការខូចខាតធ្ងន់ធ្ងរលើ យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានដាក់ការសង្ស័យថាតួអង្គបរទេសមានជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុនោះ។ យ៉ាងណាក៏ដោយ ស្ថានទូតអ៉ីរ៉ង់ប្រចាំទីក្រុងឡុងដ៍បានទាត់ចោល និងថ្កោលទោសការដាក់ការសង្ស័យថា តេហេរ៉ង់ជាអ្នកនៅពីក្រោយ ឬមានជាប់ពាក់ព័ន្ធនឹងសកម្មភាពសង្ស័យនៅឯក្បែរមូលដ្ឋានទ័ព RAF Fairford៕

រូប​ថត​: Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print