កម្មករម្នាក់សំណង់ធ្លាក់ពីលើអគារសាកលវិទ្យាល័យវេស្ទើនថ្មី បាត់បង់ជីវិតភ្លាមៗ

ចែករំលែក៖

ខេត្តកំពង់ចាម៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង នៅព្រឹកថ្ងៃទី០៦ខែតុលា ឆ្នាំ២០២៦ដោយបុរសជាកម្មករសំណង់ម្នាក់ បានធ្លាក់ពីលើអគារសាកលវិទ្យាល័យវេស្ទើនថ្មី ដែលកំពុងសាងសង់ តាមបណ្ដោយផ្លូវជាតិលេខ៧ ក្នុងក្រុងកំពង់ចាម បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។

 

ជុំវិញករណីនេះ មានការលើកឡើងពីមហាជន និងសាច់ញាតិជនរងគ្រោះថា បន្ទាប់ពីកើតហេតុ អាចមានការព្យាយាមបិទបាំងព័ត៌មានពីភាគីពាក់ព័ន្ធ ដើម្បីគេចវេះពីការទទួលខុសត្រូវ។ ទោះជាយ៉ាងណា ការលើកឡើងនេះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីសមត្ថកិច្ច ឬភាគីពាក់ព័ន្ធនៅឡើយទេ។

 

មហាជនបានស្នើឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវឱ្យបានច្បាស់លាស់ រកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ និងប្រសិនបើរកឃើញថាមានការធ្វេសប្រហែស ឬការ រំលោភលើបទប្បញ្ញត្តិសុវត្ថិភាពការងារ គួរចាត់វិធានការតាមច្បាប់ ព្រមទាំងធានាឱ្យគ្រួសារជនរងគ្រោះទទួលបានសិទ្ធិ និងសំណងតាមច្បាប់។

 

លោក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ថា សមត្ថកិច្ចជំនាញទើបទទួលបានព័ត៌មានពាក់ព័ន្ធនឹងករណីនេះ ហើយបច្ចុប្បន្នកំពុងចុះស្រាវជ្រាវ និងធ្វើការលើករណី នេះ ដើម្បីស្វែងរកការពិត។

 

ករណីនេះកំពុងត្រូវបានមហាជនតាមដាន និងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតរបស់សមត្ថកិច្ច ដើម្បីបញ្ជាក់ថា តើមូលហេតុពិតប្រាកដនៃការធ្លាក់ពីអគារបណ្ដាលមកពីអ្វី និងតើភាគីណាខ្លះត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ប្រសិនបើមានការរកឃើញកំហុស៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print