ភ្នំពេញ÷ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៨៖៣៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ត្រង់ចំណុចក្រោមស្ពានជ្រោយចង្វារ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស(ឆក់ខ្សែក) កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣៤នាទី តាមបណ្ដោយផ្លូវលេខ៣៣០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ នង រ័ត្នម៉ានិត ហៅ និត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ។ សម្ភារៈដកហូតម៉ូតូ០១គ្រឿង ម៉ាក ហុងដា សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JZ-8086។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕










