សារព័ត៌មាន AFP បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាផ្ដល់ការគាំទ្រឥតងាករេចំពោះរុស្ស៉ី នៅក្នុងលិខិតជូនពរថ្ងៃខួបកំណើតមួយទៅកាន់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយការចាត់ទុកសង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែនជាសង្រ្គាមដ៏ពិសិដ្ឋ។
ចាប់តាំងពីរុស្ស៉ីបើកធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែនកាលពីឆ្នាំ២០២២មក កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ទីក្រុងមូស្គូតាមរយៈការបញ្ជូនកងទ័ព និងអាវុធគាំទ្រដល់សង្រ្គាមរបស់ទីក្រុងមូស្គូ ជាថ្នូរទទួលបានជំនួយសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធាពីរុស្ស៉ី។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានវាយតម្លៃ កាលពីឆ្នាំ២០២៥ថាកងទ័ពកូរ៉េខាងជើងប្រមាណ ២០០០នាក់ត្រូវបានសម្លាប់ក្នុងសង្រ្គាម ខណៈការវាយតម្លៃថ្មីចុងក្រោយបំផុតមួយបានឱ្យដឹងថាកងទ័ពកូរ៉េខាងជើង ប្រហែល ៦០០០នាក់ត្រូវបានសម្លាប់ និងរងរបួស។
នៅក្នុងលិខិតជូនពរខួបកំណើតរបស់លោក ពូទីន ដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ លោក គីម បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាសប្បាយរីករាយដែលមានទំនាក់ទំនងមិត្តភាពល្អជាមួយអ្នក និងបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសរបស់ទាំង២»។ «ខ្ញុំសូមបញ្ជាក់ឡើងវិញពីការគាំទ្រឥតងាករេរបស់ខ្ញុំចំពោះអ្នក និងសហព័ន្ធរុស្ស៉ី ហើយជឿជាក់យ៉ាងមុតមាំថាសង្រ្គាមដ៏ពិសិដ្ឋដើម្បីយុត្តិធម៌របស់ប្រជាជនរុស្ស៉ីនឹងទទួលបានជ័យជម្នះយ៉ាងពិតប្រាកដ»។
គួរបញ្ជាក់ថា ការផ្ញើលិខិតរបស់លោក គីម កើតមានឡើងចំពេលទំនាក់ទំនងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងជាមួយអ៊ុយក្រែនកំពុងមានភាពតានតឹងនឹងគ្នា បន្ទាប់ពីលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទម្លាយជាសាធារណៈពីការផ្ទេរទាហានកូរ៉េខាងជើង២នាក់ទៅកាន់កូរ៉េខាងត្បូង។ សេអ៊ូលបានថ្កោលទោសថាការទម្លាយព័ត៌មាននេះដោយនិយាយថាការផ្ទេរទាហានកូរ៉េខាងជើង២នាក់ត្រូវបានព្រមព្រៀងគ្នារក្សាជាការណ៍សម្ងាត់ ហើយភាពតានតឹងនេះអាចនឹងបង្កភាពស្មុគស្មាញដល់ការស្នើសុំរបស់ទីក្រុងកៀវឱ្យកូរ៉េខាងត្បូងផ្គត់ផ្គង់អាវុធ។
កូរ៉េខាងត្បូងមកទល់នឹងពេលនេះមិនបានផ្គត់ផ្គង់អាវុធដែលអាចសម្លាប់ជីវិតមនុស្សទៅឱ្យអ៊ុយក្រែននោះទេ ដោយសារតែបម្រាមនៅក្នុងស្រុកដែលហាមឃាត់ការផ្ដល់ ជំនួយយោធាដល់ប្រទេសដែលកំពុងមានសង្រ្គាម។ លោក ហ្សេលេនស្គីវិញក៏បានឱ្យដឹងដែរថាទីក្រុងព្យុងយ៉ាងកំពុងត្រៀមបញ្ជូនកងទ័ពបន្ថែមទៅជួយរុស្ស៉ី៕









