សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី ដើម្បី​អប​អរសាទរវឌ្ឍនភាពលើវិស័យសុខាភិបាលរហូតដល់ទៅ៣ រួមមានការអបអរសាទរ​ខួប​៨០​ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី។​ ដោយចូលរួមពីមន្ត្រីជាន់​ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូត រដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាច្រើនរូប។
សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖
សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានបង្ហាញក្តីសោមនស្សជាអនេកដោយបានចូលរួមក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពិធីសម្ពោធអគារសិក្សាថ្មី ចំនួន ២ ខ្នង និងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
សម្ដេចធិបតី ថ្លែងថា​ រយៈពេល ៨០ ឆ្នាំ គឺជាប្រវត្តិសាស្ត្រដ៏វែងឆ្ងាយមួយ ប៉ុន្តែអ្វីដែលសំខាន់ជាងអាយុកាល គឺចក្ខុវិស័យ និងបេសកកម្មរបស់អង្គភាព ក្នុងការបន្តឆ្ពោះទៅអនាគតប្រកបដោយឧត្តមភាព គុណភាព តម្លៃ និងគុណធម៌។
សម្ដេចធិបតី ថ្លែងថា​ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មិនមែនមានតួនាទីត្រឹមតែផលិតអ្នកមានសញ្ញាបត្រនោះទេ ប៉ុន្តែមានតួនាទីជាយុទ្ធសាស្ត្រក្នុងការផលិត ធនធានមនុស្សសុខាភិបាលដែលមានចំណេះដឹង ជំនាញ សមត្ថភាពវិជ្ជាជីវៈ ក្រមសីលធម៌ និងស្មារតីបម្រើប្រជាជន។
សម្ដេចធិបតី ថ្លែងថា​ ក្នុងរយៈពេលកន្លងមក និស្សិតប្រមាណជាង ៣ ម៉ឺននាក់ បានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនេះ ហើយបានចូលរួមបម្រើការងារនៅក្នុងប្រព័ន្ធសុខាភិបាលទូទាំងប្រទេស។
សម្ដេចធិបតី ថ្លែងថា ការសិក្សាថ្មីៗរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បង្ហាញថាអត្រានិស្សិតមានការងារធ្វើមានរហូតដល់ ៩៦,១៩% ដែលជាសូចនាករសំខាន់មួយបង្ហាញពីភាពពាក់ព័ន្ធរវាងការបណ្តុះបណ្តាល និងតម្រូវការនៃទីផ្សារការងារក្នុងវិស័យសុខាភិបាល។ នេះគឺជាសមិទ្ធផលដែលគួរឱ្យមោទនភាព ប៉ុន្តែយើងមិនគួរឈប់នៅត្រឹមនេះទេ។ ដោយសារវិទ្យាសាស្ត្រ បច្ចេកវិទ្យា ទម្រង់ជំងឺ និងតម្រូវការសុខភាពរបស់ប្រជាជន កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សាកលវិទ្យាល័យត្រូវមានទស្សនវិស័យវែងឆ្ងាយជាងអាយុកាលរបស់ខ្លួន និងត្រូវត្រៀមធនធានមនុស្សសម្រាប់ប្រព័ន្ធសុខាភិបាលនាពេលអនាគត។
សម្ដេចធិបតី ថ្លែងថា តួអង្គបីនៅក្នុងការបណ្ដុះបណ្ដាល មិនថានៅសាកលវិទ្យាល័យ នៅស្ថាប័ន ឬនៅសាលា, ទី១ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង, ទី២ សាស្រ្ដាចារ្យ បុគ្គលិកសិក្សា, ទី៣ និស្សិត, តួអង្គបីនេះ គឺជាមុំចង្ក្រានដែលជួយគ្នា។ ថ្នាក់ដឹកនាំ គឺកំណត់ទិសដៅ ចក្ខុវិស័យ និងបេសកកម្ម របស់ស្ថាប័ន, ការដាក់ទិសដៅនេះ គឺត្រូវបានដឹកនាំអនុវត្តដោយសាស្រ្ដាចារ្យ និងបុគ្គលិកសិក្សា ដែលជាតួអង្គសំខាន់ក្នុងការប្រែក្លាយទិសដៅ គោនយោបាយ ឱ្យទៅជាសកម្មភាពជាក់ស្ដែងតាមរយៈការអនុវត្តភារកិច្ចរបស់ខ្លួនដោយទទួលខុសត្រូវ។ តួអង្គទាំងពីរនេះបានផ្ដល់ទៅដល់និស្សិតជាអ្នកទទួល, និស្សិតបានទទួលផលពីការគិតគូររបស់ថ្នាក់ដឹកនាំសាលា និងការខិតខំរបស់សាស្រ្ដាចារ្យ។ ចំណែកនិស្សិតជាអ្នកបង្ហាញនូវសមិទ្ធផល និងលទ្ធផលនៃគុណភាពដែលថ្នាក់ដឹកនាំ និងសាស្រ្ដាចារ្យខំបញ្ចេញទៅក្នុងសង្គម។
សម្ដេចធិបតី ថ្លែងថា​ អីចឹង បើនិស្សិត គ្រូពេទ្យ គ្រប់ជំនាញទាំងអស់ដែលចេញពីសាលាក្រហមទៅ មានសមត្ថភាពព្យាបាលមនុស្សជា គេហៅថា គ្រូពេទ្យពូកែ អីចឹងក៏ទាញត្រលប់មកវិញនូវតម្លៃនៃសាលា លើកតម្កើងនូវភាពជឿជាក់របស់ម្ដាយ ប្រជាពលរដ្ឋ និងសិស្សផ្សេងទៀតជំនាន់ក្រោយឱ្យចូលសាលា។
សម្ដេចធិបតី ថ្លែងថា​ តួអង្គថ្នាក់ដឹកនាំ, បុគ្គលិក សាស្រ្ដាចារ្យ និងនិស្សិត ទាំងបីនេះ គឺជាតួអង្គកំណត់នូវគុណភាពធនធានមនុស្ស ហើយគុណភាពធនធានមនុស្សនៅក្នុងវិស័យសុខាភិបាល គឺសុខភាព និងជីវិតប្រជាជន។
សម្ដេចធិបតី ថ្លែង​រម្លឹកថា គុណភាពធនធានមនុស្សនៅក្នុងវិស័យសុខាភិបាល គឺសុខភាព និងជីវិតប្រជាជន ដូចខ្ញុំធ្លាប់បាននិយាយថា «ពេទ្យមិនមែនជាទេវតា ប៉ុន្ដែធ្វើបេសកកម្មឱ្យទេវតា។ មនុស្សឈឺធ្វើឱ្យជា មនុស្សឈឺធ្ងន់ឱ្យទៅស្រាលហើយអាចជា, មនុស្សដែលជិតស្លាប់អាចជួយសង្គ្រោះជីវិតបាន»។
សម្ដេចធិបតី ថ្លែងថា យើងមានវិជ្ជបណ្ឌិតបរទេសមកធ្វើការបណ្ដុះបណ្ដាលនៅកម្ពុជា ប៉ុន្ដែវេជ្ជបណ្ឌិតយើងមួយចំនួន ទាំងឯកទេសពេទ្យ គិលានុបដ្ឋាក ភាគច្រើនគឺបណ្ដុះបណ្ដាលនៅក្នុងប្រទេសរបស់យើង ដែលវាបង្ហាញអំពីការរីកចម្រើន និងភាពវិវត្តវិស័យសុខាភិបាលរបស់កម្ពុជា។

សម្ដេចធិបតី ថ្លែងថា​ គ្រូពេទ្យត្រូវមានជំនាញពីរ ទីមួយគឺរឿងថ្នាំ ទី២ គឺរឿងចិត្តសាស្រ្ត។ គ្រាន់តែពេទ្យញញឹមដាក់ ពេទ្យយកចិត្តទុកដាក់ ពេទ្យមកពិនិត្យ ១ម៉ោង ២ម៉ោងម្ដង អនុវត្តវិជ្ជាជីវៈ អីចឹងបានពេទ្យមិនមែនរៀនតែចំណេះរឹងទេ គឺចំណេះទន់នេះ គឺសំខាន់ណាស់ ព្រោះបើគ្រាន់តែឃើញពេទ្យៗមុខកាចទៅហើយយើងឈឺលើសដើម។
សម្ដេចធិបតី ថ្លែងថា​ អជីពរបស់ពេទ្យទីមួយគឺការចង់ជួយជីវិតមនុស្ស ការចង់ជួយព្យាបាលមនុស្ស និងការបម្រើសង្គម។ ទី២ កិត្តិយសនៅក្នុងសង្គម វិជ្ជាជីវៈជាពេទ្យគឺមានការគោរព ការផ្ដល់តម្លៃនៅក្នុងសង្គមមួយ និងទី៣ ឱកាសការងារ ប្រាក់ចំណូលមធ្យម។ ប៉ុន្ដែនៅក្នុងបីនេះ គិតថាបងប្អូនដែលបញ្ចប់វិជ្ជាជីវៈពេទ្យ ប្រាកដជាមានទិសដៅតែមួយ គឺអាទិភាពធំបំផុតការសង្គ្រោះជីវិត ព្យាបាលសុខភាពប្រជាជន ឃើញអ្នកផ្សេងបានជាសះស្បើយ ឃើញគ្រួសារផ្សេងមិនបែកបាក់ដោយសារការបាត់បង់ជីវិតរបស់អ្នកជំងឺដែលយើង ផ្ទុយទៅវិញបានឃើញគេសប្បាយចិត្ត ដែលនេះគឺជាអាទិភាពទី១ក្នុងអាជីពពេទ្យ។
សម្ដេចធិបតី ថ្លែងថា ពេទ្យស្រួលរក, ប៉ុន្ដែដូចខ្ញុំថា ពេទ្យ រៀនកុំរៀនឱ្យតែចប់ ប៉ុន្ដែចេះ, កុំរៀនបានតែសញ្ញាបត្រ ដើម្បីយកទៅបើកក្លីនិកបានចំណូលអត់ទេ, ត្រូវតែចេះផ្ដល់ថ្នាំឱ្យគេឱ្យច្បាស់ ព្រោះខ្ញុំឈឺ ខ្ញុំទៅរកពេទ្យ ប៉ុន្ដែបើពេទ្យឱ្យថ្នាំខ្ញុំអត់ច្បាស់ ខ្ញុំមានជឿនរណាទៀត ខ្ញុំជឿតែពេទ្យ។
សម្ដេចធិបតី ណែនាំដល់និស្សិតរៀនវិជ្ជាជីវៈពេទ្យ ត្រូវយកចិត្តទុកដាក់រៀនសូត្រ គោរពវិជ្ជាជីវៈដោយគិតគូរដល់អាយុជីវិត និងសុខភាពពលរដ្ឋជាចំបង និងហាមដាច់ខាតកុំរៀនអាជីពពេទ្យតាមរយៈផ្លូវកាត់ដើម្បីយកតែសញ្ញាបត្រ។
សម្ដេចធិបតី ថ្លែងថា​៖«កុំរីកតែអគារ កុំរីកតែចំនួនមនុស្ស តែត្រូវរីកគុណភាពហើយវិស័យសុខាភិបាលរបស់យើងបានដើរ៤០ឆ្នាំមកនេះ តាំងពីពេទ្យនៅសល់ប៉ុន្មាននាក់ចេញមក ឥឡូវយើងបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើងរាប់ពាន់នាក់ ហើយថ្ងៃនេះជាង ២ពាន់នាក់ ដែលបានចូលរួម និងចូលរួមនៅក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ និងវិស័យសុខាភិបាលរបស់យើង។
សម្ដេចធិបតី ថ្លែង​បន្តលើកទឹកចិត្តភាពជាដៃគូរវាងវិស័យសុខាភិបាលសាធារណៈ និងវិស័យសុខាភិបាលឯកជន ជាពិសេសការផ្ដល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងប្រកបដោយគុណភាព។
សម្ដេចធិបតី ណែនាំឱ្យក្រសួង ស្ថាប័ន ពាក្យត្រូវមានការគិត និងយកចិត្តទុកដាក់ឱ្យបានខ្ពស់ លើបញ្ហាអាហារូបបត្ថម្ភដល់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងយុវជន ខណៈនៅអត្រានៃក្មេងៗ និងយុវជនក្មេងៗ ឆាប់ផ្ដើមមានជំងឺ ជាពិសេសជំងឺទឹកនោមផ្អែមនេះតែម្ដង ហើយបញ្ហាទាំងនេះ មួយចំនួនជាតំណពូជ ប៉ុន្ដែមួយចំនួនទៀតគឺមកពីការបរិភោគអាហារ និងភេសជ្ជៈដែលមានជាស្ករខ្ពស់។
សម្ដេចធិបតី​ ថ្លែងថា​ កន្លងទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង ក្នុងនោះសម្ដេច បានឱ្យក្រុមការងារមួយដឹកនាំដោយឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពី រដ្ឋមន្រ្ដីក្រសួងសុខាភិបាល, រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម និងរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ឱ្យធ្វើការងារលើការបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មលើគ្រឿងស្រវឹង និងភេសជ្ជប៉ូវកម្លាំង។
សម្ដេចធិបតី​ ថ្លែងថា រដ្ឋាភិបាលឱ្យបញ្ចប់ទាំងស្រុងនូវការផលិតភេសជ្ជៈគ្រឿងស្រវឹង និងទឹកប៉ូវកម្លាំងដោយដាក់ក្រវិលផ្ដល់ ឬប្ដូររង្វាន់ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះតទៅ។
សម្ដេចធិបតី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តរឹតបន្តឹង ខណៈឥឡូវនេះ សន្ទុះប្រើប្រាស់ បារីអេឡិចត្រូនិកហាក់មានសន្ទុះការប្រើប្រាស់ពីយុវជនឡើងវិញ។ សម្ដេច បន្តថា កន្លងទៅរដ្ឋាភិបាលបានដាក់ចេញវិធានការមួយចំនួនហើយដើម្បីប្រឆាំង ហាមឃាត់ការប្រើប្រាស់ និងបញ្ឈប់ការលក់បារីអេឡិចត្រូនិកនេះ នៅកម្ពុជា។
-​ សម្ដេចធិបតី​ ថ្លែងថា​ បីថ្ងៃមុន ឧបការីរបស់ទូតអាម៉េរិក បានជួបខ្ញុំ បន្ទាន់ គាត់បានបញ្ជាក់ថា ឥឡូវ រដ្ឋមន្ត្រីការបរទេសអាម៉េរិក បាននិយាយជាមួយថៃហើយ ថាឱ្យថៃឈប់សកម្មភាពណាដែលបង្កើនកម្ដៅ សកម្មភាពណាដែលជាបញ្ជាក់ថាវាតទីយកទឹកដីកម្ពុជា និងត្រូវអនុវត្ត KL Accord ដែលបានបញ្ជាក់ថា គឺត្រូវវាស់វែង តាមសន្ធិសញ្ញា អនុសញ្ញាកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយប្រើយន្តការ JBC ។ គាត់មកជួប និងបញ្ជាក់ថា កម្ពុជាមិនធ្វើសកម្មភាពបង្កើនកម្ដៅ សម្ដេចធិបតី បានបញ្ជាក់ថា កម្ពុជាមិនដែលទេ និងអត់ធ្មត់ណាស់ ហើយអាម៉េរិក ដែលជួយឱ្យមាន KL Accord សូមជួយធ្វើយ៉ាងម៉េចឱ្យមានការវាស់វែង JBC ។​ ដូច្នេះកិច្ចព្រមព្រៀងកាលពីខែ១២ មកដល់ពេលនេះ មិនទាន់ចោលទេយន្តការដោះស្រាយការទូត ច្បាប់ យើងលេងផ្លូវទឹកនៅ UNCLOS យើងលេងផ្លូវច្បាប់ នៅពេលដែលយន្តការទ្វេភាគីវាអត់រួច ។
សម្ដេចធិបតី ថ្លែងថា​ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ កាលពីចុងឆ្នាំ២០២៣ មានកុមារតែ១១ម៉ឺននាក់ទេ ដែលទទួលបានការឧបត្ថម្ភ ប៉ុន្ដែមកដល់ពេលនេះ គឺរយៈពេលបីឆ្នាំ រដ្ឋាភិបាលបានកើនឡើង ១ជា៣ ដែលមានកុមារប្រមាណ ៣០ ម៉ឺននាក់ ដែលបានទទួលផល។

...

នាឱកាស​នោះ​ដែរ​ លោក​ ឈាង​ រ៉ា​ រដ្ឋមន្រ្ដីក្រសួងសុខាភិបាលកម្ពុជា​ បានមានប្រសាសន៍ថា​ ឆ្នាំ២០២៦នេះ ជាខួបទី៨០ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ក្រោយពីបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានខិតខំប្រឹងប្រែងអភិវឌ្ឍឥតឈប់ឈរ ទាំងធនធានសាស្រ្តាចារ្យ គ្រូឧទេ្ទស អគារសិក្សា និងសម្ភារៈ បរិក្ខារសម្រាប់ការរៀន និងបង្រៀន។ ក្នុងអំឡុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាព នៃការរៀន និងបង្រៀនរបស់សាកលវិទ្យាល័យត្រូវបានអភិវឌ្ឍឈានឡើងជាបន្តបន្ទាប់។
លោករដ្ឋមន្រ្ដី បានបញ្ជាក់ថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបំពាក់ឧបករណ៍ វេជ្ជសាស្រ្ត និងអមវេជ្ជសាស្រ្តទំនើបៗបែបឌីជីថលសម្រាប់ការរៀន និងបង្រៀន ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ចាំបាច់សម្រាប់ការអប់រំក្នុងវិស័យសុខាភិបាលក្នុងសតវត្សទី២១ ។
លោករដ្ឋមន្រ្ដី​ បន្តថា អគារសិក្សាដែលសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងថ្ងៃនេះ មានចំនួន ២ អគារ នៅទីតាំងទី១ ត្រូវបានប្រសិទ្ធនាមថា អគារ តេជោធិបតី សន្តិភាព និងនៅទីតាំងទី២ ត្រូវបានប្រសិទ្ធនាមថា អគារ តេជោធិបតី អភិវឌ្ឍន៍ ដើម្បីជាការរំលឹកគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលមានគុណូបការៈនាំមកនូវសន្តិភាព និងភាពជឿនលឿនជូនប្រទេសជាតិ និងជាពិសេសបានដាក់ឱ្យមានយុទ្ធសាស្រ្ត “ស្លឹកត្នោតខ្ចប់ស្ករត្នោត”  ដែលបានផ្តល់ភាពរីកចម្រើនយ៉ាងច្រើនដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មកដល់ពេលបច្ចុប្បន្ននេះ។
រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានឱ្យដឹងថា គិតចាប់ពីឆ្នាំ១៩៨០ មកដល់ពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានផលិតធនធានមនុស្សក្នុងវិស័យសុខាភិបាល សរុបចំនួន ៣៤ ៦៣៣ នាក់។ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃក្រសួងសុខាភិបាល ភាគច្រើន គឺបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនេះ។
លោករដ្ឋមន្ត្រី​ បញ្ជាក់ថា នៅក្នុងអណត្តិទី៧ នៃរដ្ឋសភានេះ ក្រសួងសុខាភិបាល បានខិតខំយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាលទាំងមុនពេលបម្រើការងារ និងក្នុងពេលបំពេញការងារ ដោយលើកកម្ពស់ជាប្រចាំគុណភាពបណ្តុះបណ្តាលនៅគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ក្នុងវិស័យសុខាភិបាល។ ការធ្វើកំណែទម្រង់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ដែលក្រសួងសុខាភិបាលកំពុងខិតខំ គឺផ្តោតលើការវាស់វែងតាមសមត្ថភាព និងលទ្ធផលជាក់ស្តែងរបស់និស្សិតបញ្ចប់ការសិក្សា ព្រមទាំងការពង្រឹងនូវគុណធម៌វិជ្ជាជីវៈខ្ពស់៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print