សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ នៅបន្ដមានប្រសិទ្ធភាពមកដល់ពេលនេះ

ចែករំលែក៖

ភ្នំពេញ ៖ ថ្លែងនៅក្នុងឱកាសពិធីអបអរសាទរខួបលើកទី៨០ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្ពោធអគារសិក្សា ២ខ្នង និងចែកសញ្ញាបត្រដល់និស្សិត នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់ពេលនេះនៅតែមានប្រសិទ្ធភាព។ សម្តេចធិបតីបានលើកឡើងថា យន្តការការទូត និងការដោះស្រាយតាមច្បាប់អន្តរជាតិ ទោះបីត្រូវប្រើរយៈពេលវែង ប៉ុន្តែនឹងធ្វើឱ្យបញ្ហាដោះស្រាយបានចប់សព្វគ្រប់ ព្រោះប្រសិនបើយើងវាយគ្នា គឺដោះស្រាយមិនចប់នោះឡើយ។

 

សម្តេចធិបតី បានបន្តថា កម្ពុជាបានចរចាជាមួយភាគីថៃដើម្បីបញ្ឈប់ការបាញ់គ្នានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលការចរចានេះ គឺធ្វើឡើងដើម្បីបញ្ឈប់ការបាញ់គ្នា មិនមែនចរចាឱ្យដីគេនោះទេ។ លក្ខខណ្ឌយ៉ាងច្បាស់នៅក្នុងសេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសលើកទី៣ របស់ GBC គឺផ្អាកការបាញ់ និងឈរជើងនៅនឹងកន្លែង ដោយមិនផ្លាស់ប្តូរទីតាំង ឬចល័តទ័ពឡើយ។ នៅក្នុងកិច្ចព្រមព្រៀងនេះដែរ ត្រង់ចំណុចទី៣ គឺភាគីទាំងពីរបានឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែន (JBC) បន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ហើយប្រសិនបើគ្មានចំណុចទី៣ នេះទេ កម្ពុជាក៏មិនចុះហត្ថលេខាដែរ។

 

ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងចំណុចទី៣ នេះ ទាំងកម្ពុជា និងថៃ មិនទាន់មានភាគីណាមួយលុបចោលនៅឡើយទេ ពោលគឺនៅតែមានប្រសិទ្ធភាពអនុវត្តមកដល់ពេលនេះ ហើយចំពោះអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU 2000) ព្រមទាំងកិច្ចព្រមព្រៀង JBC ក៏មិនទាន់ត្រូវបានលុបចោលដូចគ្នា។ សម្តេចបានបញ្ជាក់បន្ថែមថា ការវាស់វែងនេះមិនមែនជាការវាស់វែងថ្មីនោះទេ ប៉ុន្តែជាការចុះវាស់វែងបញ្ជាក់ឡើងវិញនូវអ្វីដែលមានកាលពី ១០០ឆ្នាំមុន ហើយមកដល់ពេលនេះ អ្វីដែលនៅខ្វះ គឺការអនុវត្តជាក់ស្តែង និងឆន្ទៈនយោបាយរបស់ភាគីថៃប៉ុណ្ណោះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print