ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកអំណោយស្បៀងអាហារចែកជូនកងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពន្ធនាគារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បាននាំយកអំណោយស្បៀងអាហារ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីពន្ធនាគារខេត្ត ដើម្បីសម្រាលជីវភាព និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់  លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តទាំងមូល។

នាឱកាសដ៏ថ្លៃថ្លានោះ លោក សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងគិតគូរខ្ពស់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពន្ធនាគារទាំងអស់ ដែលតែងតែលះបង់កម្លាំងកាយចិត្តកន្លងមក។

លោក អភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់ និងការទទួលខុសត្រូវខ្ពស់របស់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ (កងទ័ព កងរាជអាវុធហត្ថ និងនគរបាល) ព្រមទាំងមន្ត្រីពន្ធនាគារខេត្ត ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបានយ៉ាងល្អប្រសើរ។

លោក បានគូសបញ្ជាក់ថា ទោះបីជាស្ថិតក្នុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យជាតិផ្សេងៗ ឬបុណ្យភ្ជុំបិណ្ឌនេះក្តី ក៏កងកម្លាំងរបស់យើងមិនបានឈប់សម្រាក ឬជួបជុំក្រុមគ្រួសារដោយស្ងប់ចិត្តឡើយ ដោយត្រូវឈរជើងប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ការលះបង់សេចក្តីសុខផ្ទាល់ខ្លួននេះ គឺជាគំរូ និងជាគុណបំណាច់យ៉ាងធំធេងចំពោះជាតិ និងប្រជាជន។

ការផ្តល់អំណោយស្បៀងអាហារនាពេលនេះ មិនត្រឹមតែជាការជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការស្តែងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ ដែលជាឆ្អឹងខ្នងយ៉ាងរឹងមាំក្នុងការការពារសន្តិភាព និងស្ថិរភាពសង្គម៕

...

ប្រភព ៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print