សារព័ត៌មាន AFP នាថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ បានផ្សាយថា ការតវ៉ាទ្រង់ទ្រាយធំជុំវិញភាពទ្រុឌទ្រោមនៃវិទ្យាល័យនានាក្នុងប្រទេសបារាំង បានប្រែទៅជាអំពើហិង្សាជាបន្តបន្ទាប់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ និងនាំឱ្យមានការចាប់ខ្លួនមនុស្សជិត ៥០០នាក់ ក៏ដូចជាជំរុញឱ្យប្រធានាធិបតីបារាំង លោក Emmanuel Macron កោះប្រជុំបន្ទាន់។
ការតវ៉ាបានចាប់ផ្តើមនៅចុងខែកញ្ញា ដោយសិស្សនាំគ្នាបិទផ្លូវចូលសាលាមធ្យមសិក្សា សម្រាប់សិស្សអាយុពី ១៥ ទៅ ១៧ឆ្នាំ រាប់រយកន្លែង ដើម្បីតវ៉ាអំពីបញ្ហាចាស់ទ្រុឌទ្រោម និងភាពកខ្វក់ក្នុងបរិវេណសាលា រួមទាំងកង្វះខាតគ្រូបង្រៀន។
ឪពុកម្តាយ គ្រូបង្រៀន និងក្រុមសហជីព បានចូលរួមជាមួយការតវ៉ាជាមួយសិស្សវិទ្យាល័យ នៅក្នុងរដ្ឋធានីប៉ារីស និងទីក្រុងផ្សេងៗទៀត។ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មនុស្ស ២៥៦ ០០០នាក់បានធ្វើបាតុកម្មនៅទូទាំងប្រទេស ខណៈក្រុមអ្នករៀបចំរបស់សហជីពថាមានចំនួន ៤៥០ ០០០នាក់។ មនុស្ស ៤៨៨នាក់ត្រូវបានចាប់ខ្លួន ហើយសមាជិកកងកម្លាំងសន្តិសុខ ៤៣នាក់បានរងរបួសកាលពីថ្ងៃអង្គារ។
តាមប្រភពពីមន្រ្តីរដ្ឋាភិបាល លោក Macron នឹងប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ រួមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez និងរដ្ឋមន្ត្រីក្រសួងអប់រំ លោក Edouard Geffray នៅថ្ងៃដដែលនោះ ដើម្បីដោះស្រាយភាពចលាចលដែលកំពុងកើតឡើង៕

រូបថត: Getty imagines









