ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការរងខេត្តព្រះសីហនុ ត្រូវបានប្រគល់ភារកិច្ចជាមេបញ្ជាការអាវុធហត្ថខេត្តពោធិ៍សាត់ បណ្តោះអាសន្ន ជំនួសឧត្តមសេនីយ៍ត្រី ពុទ្ធ លី ដែលមានឈ្មោះដល់ចូលនិវត្តន៍ហេីយ។
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលេីផ្ទៃប្រទេស បានអញ្ជេីញជួបសំណេះសំណាល និងប្រគល់ភារកិច្ចបណ្តោះអាសន្នជាមេបញ្ជាការស្តីទី ជូនលោកវរសេនីយ៍ឯក សុខ ម៉េងឡុង។
ទោះកន្លែងថ្មីមិនមែនជាគោលដៅពិតប្រាកដរបស់លោក តែថ្នាក់ដឹកនាំបានប្រគល់ភារកិច្ចជូន ដេីម្បីដឹកនាំកម្លាំងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងបម្រេីប្រជាពលរដ្ឋខេត្តពោធិ៍សាត់ឲ្យបានល្អប្រសេីរ ជាពិសេសការកសាងអង្គភាពថ្មី។
តាមការកត់សម្គាល់មេបញ្ជាការកងរាជអាវុធហត្ថឡើងថ្មី ភាគច្រើនមានសមត្ថភាព កម្លាំងមាំមួន ដើម្បីបន្តវេនពីថ្នាក់ដឹកនាំមុនៗ ត្រូវបានចូលនិវត្តន៍ ។ សូមសង្ឃឹមថា មេឡើងថ្មី អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញដើម្បីលើកកម្ពស់សុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋានទូទាំងប្រទេស។
គោលនយោបាយនេះមាន ៧ លក្ខណៈសម្បត្តិ សំខាន់ៗ៖
1. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព ធានាបាននូវតម្លាភាព គណនេយ្យភាព និងឆ្លើយតបទាន់ពេលវេលា។
2. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសអាសអាភាស ឬការជួញដូរមនុស្ស និងអាវុធខុសច្បាប់។
3. មានអនាម័យ មានបរិស្ថានល្អ និងមានផាសុកភាព។
4. ឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវផ្សេងៗ។
5. គ្មានគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការបើកបរខុសច្បាប់ ឬខ្វះការប្រុងប្រយ័ត្ន។
6. គ្មានអំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាលើស្ត្រី និងកុមារ។
7. ដោះស្រាយវិវាទនៅមូលដ្ឋាន ប្រកបដោយសន្តិវិធី និងក្រៅប្រព័ន្ធតុលាការ ដោយមានការយោគយល់ និងសម្របសម្រួលគ្នា។
គោលនយោបាយនេះទាមទារឲ្យមានការចូលរួមសហការជិតស្និទ្ធរវាង អាជ្ញាធរដែនដី កងកម្លាំងសមត្ថកិច្ច និង ប្រជាពលរដ្ឋ នៅតាមសហគមន៍ ដើម្បីកសាងសង្គមមួយដែលមានសុខសន្តិភាព និងសុវត្ថិភាពពេញលេញ ៕
ដោយ ៖ សិលា










