ខេត្តពោធិ៍សាត់៖ លោក កែវ ហួរ ហៅ លី ហួរ អ្នកយកព័ត៌មាននៅអង្គភាព «SBT POST» ត្រូវបានតុលាការខេត្ដពោធិ៍សាត់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន ដែលបានទូរស័ព្ទទៅគំរាម និងទារប្រាក់ពីប្រជានេសាទលើផ្ទៃបឹងទន្លេសាប។
លោក កែវ ហួរ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចោទប្រកាន់ពីបទ «កំហែង» ដែលប្រព្រឹត្តទៅភូមិទី២ សង្កាត់កំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ កែវ ហូរ ក៏ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ឆ្នាំង ម្តងរួចមកហើយ ពីបទ «ញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ហើយត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារវិញនៅថ្ងៃទី៨ កញ្ញា ឆ្នាំ២០២០។
នាពេលកន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្លាប់បានណែនាំ និងក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដោយមិនត្រូវដើរហួសអំពីគន្លង នៃច្បាប់នោះឡើយ៕ដោយ៖តារា










