ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៤ ខែ តុលា ឆ្នាំ ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបន្តស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗជាបន្តបន្ទាប់ ។
ប្រតិបត្តិការខាងលើ សមត្ថកិច្ចបានបង្ក្រាបករណីអំពើលួច និងទទួលផលចោរកម្ម លួចខ្សែភ្លើង និងបំពង់ស្ពាន់ម៉ាស៊ីនត្រជាក់ លួចម៉ូតូ អំពើលួចមានស្ថានទម្ងន់ទោសដោយកាប់បំបែកទ្វារ បំផ្លាញទ្រព្យសម្បត្តិដោយចេតនា កំហែងយកមានស្ថានទម្ងន់ទោស ការកាន់កាប់ និងដឹកជញ្ជូនអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវដោយគ្មានការអនុញ្ញាត ព្រមទាំងករណីល្បែងស៊ីសងខុសច្បាប់ តាមរយៈម៉ាស៊ីនបាញ់ត្រី ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធសរុបចំនួន ១៩នាក់ ក្នុងនោះមានជនជាតិខ្មែរ និងជនជាតិចិន ព្រមទាំងកំពុងបន្តស្រាវជ្រាវស្វែងរកបក្ខពួកដែលពាក់ព័ន្ធ និងអ្នកដែលកំពុងគេចខ្លួន ។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូត និងរកឃើញវត្ថុតាងពាក់ព័ន្ធជាច្រើនរួមមានម៉ូតូ ម៉ូតូកង់បី ទូរស័ព្ទដៃ ខ្សែភ្លើង បំពង់ស្ពាន់ ឧបករណ៍កាត់ខ្សែ កាំបិត ទួណឺវីស កាបូប និងសម្ភារមួយចំនួនទៀត ព្រមទាំងគ្រឿងផ្ទុះចំនួន ៣គ្រាប់ ម៉ាស៊ីនបាញ់ត្រីចំនួន ២គ្រឿង និងប្រាក់ចំនួន ១៩,៦០០ដុល្លារអាមេរិក ដែលជាផលនៃអំពើល្មើស ។
ចំពោះសម្ភារៈវត្ថុតាងមួយចំនួន ដែលជាផលនៃអំពើល្មើស ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ និងបុគ្គលដែលពុំមានតម្រុយពាក់ព័ន្ធនឹងបទល្មើស ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ ដោយទទួលបានគោលការណ៍ដឹកនាំពី ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានការអនុញ្ញាតពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ស្របតាមនីតិវិធីច្បាប់ ។
ចំពោះជនសង្ស័យដែលមានពាក់ព័ន្ធនឹងបទល្មើស សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិន ក្នុងខេត្តព្រះសីហនុ ៕
ដោយ៖ សុរិយា










