ទឹកជំនន់ភ្លាមៗនៅកណ្តាលប្រទេសនេប៉ាល់នៅថ្ងៃទី ១១ ខែតុលា បានជន់លិចផ្ទះសម្បែង និងបំផ្លាញសំណង់ជាច្រើនត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីទឹកជំនន់ដ៏សាហាវបានសម្លាប់មនុស្សរាប់រយនាក់។
រូបភាពដែលថតចេញពីវីដេអូដែលថតនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៦ បង្ហាញពីទឹកជំនន់កំពុងបំផ្លាញសំណង់នានានៅតាមបណ្តោយទន្លេ Budhi Gandaki បន្ទាប់ពីទឹកជំនន់ភ្លាមៗដែលបណ្តាលមកពីការរអិលបាក់ដី។
យោងតាមការអាប់ដេតពី AFP នៅម៉ោង ១០ យប់ ថ្ងៃទី ១១ ខែតុលា ផ្ទះប្រហែល ៤៥ ខ្នងត្រូវបានទឹកជន់លិចហូរទៅដោយទឹកជំនន់ភ្លាមៗនៅក្នុងប្រទេសនេប៉ាល់។ ទឹកជំនន់ក៏បានបំផ្លាញគម្រោងវារីអគ្គិសនីចំនួន ៣ និងស្ពានចំនួន ៤ ផងដែរ។
លោក Dharam Raj Uprety ប្រធានទីភ្នាក់ងារកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិនេប៉ាល់បានពន្យល់ថា «អ្វីដែលយើងដឹងគឺថា ការរអិលបាក់ដីស្ងួតបានបិទទន្លេ បន្ទាប់មកដីនិងថ្មបានបាក់បែកចេញពីគ្នា ដែលបណ្តាលឱ្យមានទឹកជំនន់» ។
យោងតាមទីភ្នាក់ងារកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិនេប៉ាល់ យ៉ាងហោចណាស់មនុស្ស ៨២នាក់ រួមទាំងជនបរទេស៩នាក់ត្រូវបានជួយសង្គ្រោះពីតំបន់ដែលរងផលប៉ះពាល់។ លោក Uprety បាននិយាយថា «មនុស្សប្រាំនាក់នៅតែបាត់ខ្លួន»។
ឧទ្ធម្ភាគចក្រចំនួនបួនគ្រឿងត្រូវបានដាក់ពង្រាយដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងជម្លៀស ខណៈដែលទន្លេ Budhi Gandaki បន្តកើនឡើង៕ ដោយធីរីណា
រូបថត: tuoitre










