សំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ 

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញ ដើម្បីបន្តប្រកបរបរ បន្ទាប់ពីធ្វើដំណើរមកស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលទីតាំងចំណតនៅផ្សារទំនើប ភួ ពុយ ។

 

ដោយឡែកប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅមកលើផ្លូវជាតិលេខ៥ បានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់រថយន្តក្រុង “ដោយមិនបង់ប្រាក់” ឱ្យពួកគាត់ជិះទៅមកដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។

 

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់រថយន្តក្រុងចំនួន ៦០០គ្រឿងទូទាំងប្រទេស ដោយឡែកការធ្វើដំណើរក្នុងគោលដៅពី បាត់ដំបង-ភ្នំពេញ-បាត់ដំបង មានចំនួន ៧៥គ្រឿង សម្រាប់ផ្ដល់សេវាដឹកជញ្ជូនសាធារណៈឥតគិតថ្លៃរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ខែតុលា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ធ្វើដំណើរដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print